(ភ្នំពេញ)៖ ធនាគារ ស្ថាបនា និង ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសដំណើរការជាផ្លូវការ ក្នុងកិច្ចសហប្រតិបត្តិការលើការផ្តល់ ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ ដំបូងគេ សម្រាប់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ (WBSV)។

ភាពជាដៃគូនេះ នឹងជួយផ្តល់ប្រាក់កម្ចីពិសេស ដែលមានអត្រាការប្រាក់ប្រកួតប្រជែង រួមជាមួយនឹងរយៈពេលកម្ចីវែង ដែលមិនធ្លាប់មាន ថែមទាំងដំណើរការ នៃការដាក់ពាក្យកម្ចី មានភាពងាយស្រួល និងរហ័សដល់អតិថិជនស្ថាបនា និងអតិថិជនគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។

កម្ចីលំនៅដ្ឋានជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺជា ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ ដែលជាសេវាផ្តល់ជូនពិសេស ដែលមិនត្រឹមតែជាសេវាកម្ចី សម្រាប់គេហដ្ឋាន ប៉ុន្តែលោកអ្នកអាចប្រើប្រាស់សម្រាប់កម្ចីផ្ទាល់ ខ្លួនរហូតដល់ ២០០,០០០ដុល្លារ ថែមទាំងទទួលបានប័ណ្ណឥណទាន ដែលមានទឹកប្រាក់រហូតដល់ ១០,០០០ដុល្លារ។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបន បានថ្លែងថា «ធនាគារ ស្ថាបនាមានកិត្តិយស និងសោមន្សដែលបានធ្វើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ ជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។ ភាពជាដៃគូនេះ នឹងផ្តល់ភាពងាយស្រួល និងសម្រួលដល់អតិថិជន ក្នុងការទិញលំនៅដ្ឋាននៅ WBSV ដែលជាគម្រោង បុរីកីឡាដំបូងគេនៅអាស៊ីអាគ្នេយ៍។ ជាមួយកិច្ចសហការនេះ យើងអាចជួយដល់ប្រជាពលរដ្ឋ មានផ្ទះជាកម្មសិទិ្ធខ្លួនកាន់តែច្រើនឡើងផងដែរ»

លោក សាយមុន វ៉ាន់ឃ្លីហ្វ ប្រធាននាយកប្រតិបត្តិ នៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ក៏បានថ្លែងដែរថា «យើងពិតជាមានកិត្តិយសណាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយធនាគារស្ថាបនា ដែលនឹងផ្តល់ជាឥណទាន សម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុ របស់អតិថិជនយើងបន្ថែមទៀត ក្នុងការទទួលបានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ»

គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ កសាងនិងរៀបចំឡើង សម្រាប់ទទួលមនុស្សរាប់ពាន់នាក់ ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច។

ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមតរតកតេជា ដែលជាតំបន់កំពុងអភិវឌ្ឍឥតឈប់ឈរនៅភាគខាងជើង នៃរាជធានីភ្នំពេញ ជាទីតាំងតែមួយគត់ បានមកការរួមបញ្ចូលគ្នា នៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយ នឹងបរិយាកាសកីឡាស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ៕