(ភ្នំពេញ)៖ ការកំណត់កាលបរិច្ឆេទ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ត្រូវបានម្ចាស់ផ្ទះវៀតណាម ស្នើសុំពេល ២សប្ដាហ៍ទៀត ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ ជាមួយកាត់បន្ថយសេនារីយ៉ូនៅត្រឹម ២ជម្រើសប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ (Zoom) នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំនេះបានផ្ដោតលើរបៀបវារៈសំខាន់ៗ៣ ទី១-ការស្ដាប់របាយការណ៍វឌ្ឍនភាព និងការសម្រេចចិត្តរបស់ភាគីវៀតណាម ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២១។ ទី២-ការធ្វើសេចក្ដីរាយការណ៍ខ្លី អំពីវឌ្ឍនភាពកាករងាររបស់គណៈកម្មាធិការជាតិ CAMSOC ក្នុងការត្រៀមរៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងទី៣-ការអះអាងរបស់ម្ចាស់ផ្ទះបន្ដវេណ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា រួមមានឆ្នាំ២០២៥ ដល់វេណថៃ ឆ្នាំ២០២៧ ដល់វេណព្រុយណេ និងឆ្នាំ២០២៩ ដល់វេណឡាវ។

ជុំវិញការកំណត់ជោគវាសនាស៊ីហ្គេម ឆ្នាំ២០២១ នេះ គណៈកម្មាធិការអូឡាំពិកវៀតណាមបានអះអាងថា នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលរបស់ខ្លួនលើសំណើ និងសេនារីយ៉ូចំនួន៣ ដែលបានកំណត់ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៩ ខែមិថុនាកន្លងទៅនោះទេ ហើយរដ្ឋាភិបាលវៀតណាមបានសុំពេល ២សប្ដាហ៍ទៀត ដើម្បីធ្វើការសម្រេចលើកចុងក្រោយនាថ្ងៃទី០៨ ខែកក្កដា។ លើសពីនេះ វៀតណាមបានកាត់បន្ថយសេនារីយ៉ូនៅត្រឹម២ ជម្រើសប៉ុណ្ណោះ ទី១-រក្សាកម្មវិធីប្រកួតនៅដដែល និងទី២-ពន្យារពេលទៅដើមឆ្នាំ២០២២។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា «គណៈកម្មាធិការអូឡាំពិកវៀតណាមបានអះអាងថា នៅមិនទាន់បានទទួលការសម្រេចចិត្តពីរដ្ឋាភិបាលនៅឡើយទេ ហើយរដ្ឋាភិបាលវៀតណាម បានស្នើសុំកិច្ចប្រជុំនេះ ដោយកំណត់យកលក្ខខណ្ឌ ២ប៉ុណ្ណោះ ដើម្បីយកទៅធ្វើការសម្រេចចិត្ត មានន័យថា កាលមុនមានសេនារីយ៉ូ ៣ តែឥលូវបន្ថយមកនៅត្រឹម ២ ទី១-រក្សាកម្មវិធី ឬកាលបរិច្ឆេទដដែល គឺរៀបចំពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ និងទី២-ពិភាក្សា និងអនុម័តទៅលើវៀតណាម អាចលើកទៅឆ្នាំ២០២២ ក្នុងខែមេសា ឬខែឧសភា តែមិនឲ្យលើសពីខែនេះឡើយ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «អង្គប្រជុំបានដាក់សេនារីយ៉ូ ២ នេះ ហើយភាគីវៀតណាម បានឆ្លើយតបដោយពេញចិត្តថា សេនារីយ៉ូទាំង ២ នេះ នឹងដាក់ជូនរដ្ឋាភិបាលវៀតណាម ក្នុងការសម្រេចចិត្ដចុងក្រោយក្នុង ២សប្ដាហ៍ខាងមុខ មានន័យថា រយៈពេល ១៨ថ្ងៃទៀត នឹងមានការកោះប្រជុំរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នឹងអនុម័តចុងក្រោយ ហើយបានដាក់លក្ខខណ្ឌឲ្យវៀតណាមថា ត្រូវតែអនុម័តចុងក្រោយ អំពីការកំណត់សេនារីយ៉ូណាមួយ ដើម្បីធ្វើស៊ីហ្គេម ឆ្នាំ២០២១ នាថ្ងៃទី៨ ខែកក្កដាខាងមុខ»

ចំពោះសេនារីយ៉ូទី៣ ដែលត្រូវបានវៀតណាមលុបចោល គឺការចង់ពន្យារពេលស៊ីហ្គេម រហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ។ ការលុបចោលនេះ បន្ទាប់ពីម្ចាស់ផ្ទះបន្ដវេណ រួមមានថៃ និងព្រុយណេ បានអះអាងពីការត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ យ៉ាងណាមិញ ការកំណត់សេនារីយ៉ូទាំង ២ ដើម្បីសម្រេចចិត្តចុងក្រោយរបស់ម្ចាស់ផ្ទះវៀតណាមខាងលើ ត្រូវបានបណ្ដាប្រទេសអាស៊ាន សម្ដែងការគាំទ្រ រួមទាំងកម្ពុជាផងដែរ គ្រាន់តែកម្ពុជា សំណូមពរឲ្យវៀតណាមរៀបចំខុសពីខែឧសភា ឆ្នាំ២០២២ ព្រោះអាចជាន់គ្នាជាមួយការរៀបចំកីឡាជាតិ នៅកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការរបាយការណ៍វឌ្ឍនភាពសង្ខេប អំពីដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា លោក វ៉ាត់ ចំរើន បានបង្ហាញនូវភាពរឹងមាំ និងស្វាហា់របស់កម្ពុជា ក្នុងដំណើរយ៉ាងរលូន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ដោយមានជំហរគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នា បណ្ដាប្រទេសអាស៊ាន បានសម្ដែងការគាំទ្រ និងមោនទភាពចំពោះកម្ពុជាផងដែរ ដែលបានត្រៀមយ៉ាងល្អ ហើយសង្ឃឹមថា ការរៀបចំស៊ីហ្គេមនឹងកម្ពុជា នឹងចារជាប្រវត្តិសាស្ដ្រ អំពីការរៀបចំប្លែកជាងគេ អស្ចារ្យជាងគេ និងគួរឲ្យកោតសរសើរជាងគេទៀតផង៕