(ជប៉ុន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Panasonic ត្រូវបានគេរាយការណ៍មកថា បានលក់ហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla និងទទួលបានប្រាក់ប្រមាណ ៣.៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Forbes នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
Panasonic គឺជាដៃគូសហការគ្នាដ៏ចំណាស់មួយរបស់ក្រុមហ៊ុន Tesla តាំងតែពីក្រុមហ៊ុនផលិតរថយន្តអគ្គីសនីមួយនេះ បាន ចាប់កំណើត ក្នុងការផ្គត់ផ្កង់អាគុយ ដោយក្នុងនោះ Panasonic បានទិញហ៊ុន Tesla ចំនួន១.៤លានហ៊ុន ក្នុងតម្លៃ២១.១៥ដុល្លារ ក្នុងមួយហ៊ុន កាលពីឆ្នាំ២០២១០ ពោលគឺនៅពេល Tesla ដាក់លក់ IPO ជាផ្លូវការ។
យោងតាមប្រភពដែលជិតស្និទ្ធបានឱ្យដឹងថា Panasonic បានលក់ហ៊ុនទាំងនោះដោយយកប្រាក់ទៅវិនិយោគទុន បន្ថែម ប៉ុន្តែចំពោះកិច្ចសហការគ្នាជាមួយនឹង Tesla គឺនៅដដែល ខណៈដែលការលក់ហ៊ុនខាងលើនេះត្រូវបានគេដឹងថា បាន ធ្វើ ឡើង តាំងពីដើមឆ្នាំ២០២១ ព្រោះគិតត្រឹមចុងខែមីនា គេពុំឃើញ Panasonic កាន់កាប់ហ៊ុននោះឡើយ។
ប្រភពមួយចំនួនទៀតបានឱ្យដឹងថា Panasonic លក់ហ៊ុនទាំងនោះដើម្បីយកលុយទៅទិញក្រុមហ៊ុនបច្ចេកវិទ្យា AI មួយ ដែលមានឈ្មោះថា Blue Yonder ដែលមានតម្លៃប្រមាណជា ៧ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ហ៊ុនដែល Panasonic បានទិញនោះ គិតត្រឹមខែមីនា ឆ្នាំ២០២០ ត្រូវបានគេដឹងថាមានតម្លៃសរុប ចំនួន ៧៣០លាន ដុល្លារអាមេរិក ហើយបើគិតមកដល់ខែមីនា ឆ្នាំ២០២១ គឺមានតម្លៃ ៣.៩ពាន់លានដុល្លារអាមេរិក ហើយបើសិនជា Panasonic មិនបានលក់ហ៊ុនទាំងនោះទេ នោះគិតត្រឹមពេលបច្ចុប្បន្នគឺមានតម្លៃរហូតដល់ ៤.៦ពាន់លានដុល្លារអាមេរិក៕