(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ក.អ និងក្រុមហ៊ុនគូបូតាកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីចុះហត្ថលេខា ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូ ទៅលើ «កញ្ចប់សេវាកម្មពិសេស សម្រាប់ក្រុមហ៊ុន និងតំណាងចែកចាយ»។

កិច្ចព្រមព្រៀងភាពជាដៃគូ «កញ្ចប់សេវាកម្មពិសេសសម្រាប់ក្រុមហ៊ុន និងតំណាងចែកចាយ» នេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនគូបូតា និងតំណាងចែកចាយក្រុមហ៊ុន គូបូតាទាំងអស់ ទទួលបាននូវការផ្ដល់ជូនពិសេសពីធនាគារ កាណាឌីយ៉ា លើការផ្ដល់សេវាកម្មហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រកួតប្រជែង។

ជាមួយកញ្ចប់សេវាកម្មពិសេសនេះ ក្រុមហ៊ុនគូបូតាកម្ពុជា និងតំណាងចែកចាយ ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ពីកញ្ចប់ឥណទានផ្សេងៗ និងសេវាប្រតិបត្តិការធនាគារ ក្នុងអត្រាពិសេសផងដែរ។

លោក ឆៃ ឈុនលាប នាយកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋាន ឥណទានពាណិជ្ជកម្មខ្នាតធំ និងហិរញ្ញប្បទានពាណិជ្ជកម្ម ធនាគារការណាឌីយ៉ា បានថ្លែងថា «ធនាគារ កាណាឌីយ៉ា មានកិត្តិយសនិងសេចក្ដីសោមន្សជាខ្លាំង ដែលបានក្លាយជាធនាគារដៃគូទីមួយ ដែលបានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងភាពជាដៃគូទៅលើ «កញ្ចប់សេវាកម្មពិសេសសម្រាប់ក្រុមហ៊ុន និងតំណាងចែកចាយ» ជាមួយក្រុមហ៊ុនគូបូតាកម្ពុជា»។

លោកថា ភាពជាដៃគូនេះ នឹងមិនត្រឹមតែជួយបង្កើនទំនាក់ទំនងរវាងអង្គភាពទាំងពីរ ដោយធានាឲ្យមានប្រតិបត្តិការធនាគារនិងលំហូរហិរញ្ញវត្ថុរលូនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើន និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាកម្មធនាគារដល់ក្រុមហ៊ុនគូបូតា និងតំណាងចែកចាយក្រុមហ៊ុនគូបូតាផងដែរ។ នេះ ជាសក្ខីភាពថ្មីមួយទៀត នៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់ការរីកចម្រើន នៃអាជីវកម្មធុនតូច មធ្យម និងធំ នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា «ក្នុងនាមជំនួសឲ្យធនាគារ កាណាឌីយ៉ា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ក្រុមហ៊ុនគូបូតាកម្ពុជា ដែលបានជឿទុកចិត្ត និងជ្រើសរើស ធនាគារ កាណាឌីយ៉ា ជាដៃគូទៅលើ កញ្ចប់សេវាកម្មពិសេសនេះ ហើយយើងបានត្រៀមខ្លួនជាស្រេចដើម្បីបម្រើដល់ក្រុមហ៊ុនគូបូតា និងតំណាងចែកចាយក្រុមហ៊ុនគូបូតាទូទាំងប្រទេស»។

លោក Teerachat Seingdee ប្រធានក្រុមហ៊ុន Kubota Leasing (កម្ពុជា) ភីអិលស៊ី បានលើកឡើងថា «Kubota Leasing (កម្ពុជា) ភីអិលស៊ី ពិតជាមានសេចក្តី រីករាយណាស់ ដែលមានភាពជាដៃគូសហប្រតិបត្តិការតាមរយៈ «កញ្ចប់សេវាកម្មពិសេសសម្រាប់ក្រុមហ៊ុន និងតំណាងចែកចាយ» ជាមួយធនាគារដ៏ធំ និងចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលពិតជាមានន័យណាស់ ចំពោះគ្រួសារគូបូតា និងកសិករនៅជុំវិញប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយបង្កើនទំនាក់ទំនងរវាង ក្រុមហ៊ុនគូបូតា ធនាគារ កាណាឌីយ៉ា តំណាងចែកចាយគូបូតា និងជាពិសេសកសិករ ឲ្យមានលំហូរហិរញ្ញវត្ថុ ដែលរួមចំណែក លើការបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ជាមួយគ្នានេះ ក្រុមហ៊ុន Kubota Leasing (កម្ពុជា) ភីអិលស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការបើកអាជីវកម្មរបស់ខ្លួន ដោយផ្តល់សេវាកម្មជួលត្រាក់ទ័រ KUBOTA និងម៉ាស៊ីន ច្រូតកាត់។

ប្រជាកសិករដែលជ្រើសរើសសេវាកម្ម Kubota Leasing (កម្ពុជា) នឹងមានភាពងាយស្រួល ក្នុងការជាវគ្រឿងម៉ាស៊ីន KUBOTA ជាមួយប្រាក់កក់ទាប ដោយមិនចាំបាច់មានមូលប័ត្រ ប្រាក់កម្ចីងាយស្រួល សេវាកម្មនិងការសម្រេចរហ័ស។ លើសពីនេះទៅទៀត យើងផ្តល់ជូនអត្រាការប្រាក់សមរម្យ វិធីសាស្រ្តទូទាត់សងច្រើន និងមិនគិតថ្លៃសេវាសម្រាប់ការស្នើសុំប្រាក់កម្ចីនិងសេវាកម្មផ្សេងទៀត។

ស្វែងយល់ពីភាព មិនគ្រប់គ្រាន់របស់ប្រជាកសិករខ្មែរយើង គាំទ្រនិងជួយពួកគាត់ក្នុងការទទួលបានម៉ាស៊ីនកសិកម្មទំនើប ដោយងាយស្រួល ជាមួយអត្រាការប្រាក់ សមរម្យ និងសេវាកម្មស្តង់ដារប្រកបដោយភាពរួសរាយរាក់ទាក់។ Kubota Leasing (កម្ពុជា) ត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយអ្នក ហើយតែងតែគាំទ្រអ្នក ដោយយកចិត្តទុកដាក់ចំពោះកសិករកម្ពុជា។ Kubota Leasing (កម្ពុជា) គឺជាជម្រើសដ៏ល្អនៅក្នុងចិត្តកសិករកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក Teerachat Seingdee។

ធនាគារ កាណាឌីយ៉ា ក.អ ជាធនាគារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ជាមួយនឹង «កញ្ចប់សេវាកម្មពិសេសសម្រាប់ក្រុមហ៊ុន និងតំណាងចែកចាយ» របស់ធនាគារ កាណាឌីយ៉ា ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដែលចាំបាច់សម្រាប់អាជីវកម្មខ្នាតតូច មធ្យម និងធំរួមមាន៖ លិខិតធានាពីធនាគារ (BG) លិខិតឥណទាន (LC) ឥណទានទូទាត់វិក្កយបត្រអ្នកផ្គត់ផ្គង់ ប្រាក់កម្ចីអាជីវកម្ម និងប្រតិបត្តិការធនាគារផ្សេងទៀត ជាមួយនឹងអត្រាពិសេស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន ២៤/៧ តាមរយៈលេខ ០២៣ ៨៦៨ ២២២ ឬទំនាក់ទនងមកកាន់សាខាធនាគារ កាណាឌីយ៉ាដែលនៅជិតលោកអ្នកបំផុត៕