(ភ្នំពេញ)៖ វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន អ៉ីនធីហ្គេធីត ឡូជីស្ទីក សឺវីស ឯ.ក ដើម្បី ប្រគល់-ទទួលយកឈ្មោះនិស្សិត និងការអនុញ្ញាតឱ្យនិស្សិតបានទៅចុះកម្មសិក្សា និងអាចធ្វើការនៅស្ថាប័ន អ៉ីនធីហ្គេធីត ឡូជីស្ទីក សឺវីស ឯ.ក ទៅលើជំនាញ គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះនៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្រោមវត្តមានលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា និងលោក SURAPONG KUSEESOMSAP ប្រធានគ្រប់គ្រងក្រុមហ៊ុន អ៉ីនធីហ្គេធីត ឡូជីស្ទីក សឺវីស ឯ.ក។
លោកបណ្ឌិត ផុន ណារិន បានឱ្យដឹងថា ការអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីប្រគល់ទទួលយកឈ្មោះនិស្សិត និងការអនុញ្ញាតនិស្សិតនៃវិទ្យាស្ថាន ពាណិជ្ជអេស៊ីលីដា បានទៅចុះកម្មសិក្សានៅស្ថាប័ន អ៉ីនធីហ្គេធីត ឡូជីស្ទីក នឹងអាចមានឱកាសបានធ្វើការនៅកន្លែងនោះតែម្តង ពេលបញ្ចប់ការសិក្សា ដោយសារវិទ្យាស្ថានក៏មានជំនាញ គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភនេះផងដែរ ដែលនេះគឺជាដៃគូថ្មីមួយទៀត ដែលវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បង្កើនឱកាសឱ្យនិស្សិត បានទៅធ្វើការហាត់ការ និងបានចូលធ្វើការតែម្តង។
លោកបណ្ឌិត ផុន ណារិន បានបន្តថា វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានចុះ MoU ជាមួយស្ថាប័នជាដៃគូជិត ៩០ស្ថាប័ន ហើយអនុវត្តន៍កន្លងមក គឺបានទទួល ជោគជ័យច្រើន ដោយស្ថាប័នជាដៃគូ តែងតែស្នើសុំយកនិស្សិតទៅសម្ភាសន៍ និងបានចូលធ្វើការតែម្តង ដែលនេះ គឺជាការសហការគ្នារវាងកន្លែង ផលិតធនធានមនុស្ស និងអ្នកប្រើប្រាសធនធានមនុស្ស ដើម្បីឱ្យនិស្សិតបានចូលធ្វើការ និងមានប្រសិទ្ធភាព ដែលបានស្របទៅនឹងចក្ខុវិស័យរបស់វិទ្យាស្ថាន អេស៊ីលីដា ដែលជាវិទ្យាស្ថាន ដែលមានគុណភាពឈានមុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្នុងតំបន់។
ជាមួយគ្នានោះ លោកបណ្ឌិតក៏បានអំពាវនាវដល់ស្ថាប័នជាច្រើនទៀត ដែលត្រូវការបុគ្គលិកដែលមានវិជ្ជាជីវច្បាស់លាស់ គឺអាចទាក់ទងមកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអាចចុះអនុស្សរណយោគយល់គ្នា ដើម្បីផលិតធនធានមនុស្ស ដែលត្រូវនឹងតម្រូវការរបស់ខ្លួនតែម្តង ដោយក្នុងនោះវិទ្យាស្ថាន គឺមានមុខជំនាញ ជាច្រើន បានបណ្តុះបណ្តាលទៅលើនិស្សិត ដែលកំពុងតែត្រូវការដៃគូសហការ ដើម្បីឱ្យនិស្សិតពេលបញ្ចប់ការសិក្សាមានការងារធ្វើតែម្តង៕