(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាករបស់ Cristian Eriksen នឹងត្រូវប្រកួតបើកឆាកវគ្គ ១៦ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA European Championship 2020 មុនគេដែលចាប់ផ្តើមនាម៉ោង ១១៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

នៅចាំបានថា ដាណឺម៉ាកជាក្រុមលេខ២ ចេញពីពូល B ដែលត្រូវប៉ះវ៉េលដែលជាក្រុមលេខ២ ដូចគ្នាចេញពីពូល A ធ្វើឡើងនៅឯកីឡដ្ឋាន Johan Criujff Arena ស្ថិតក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ពី១ប្រកួតដំបូងក្នុងវគ្គចាញ់-ធ្លាក់ដែលមាន ៨ប្រកួតផងនោះ។

៣ប្រកួតក្នុងពូលរបស់ដាណឺម៉ាក គឺឈ្នះ១ ទៅលើរុស្ស៊ីនៅថ្ងៃបិទបញ្ចប់វគ្គចែកពូលក្នុងលទ្ធផល ៤-១ ក្រោយពេលចាញ់ប៊ែលហ្សិក ២-១ និងចាញ់ហ្វាំងឡង់ ១-០ នៅថ្ងៃបើកឆាកពេលខ្សែប្រយុទ្ធសំខាន់ Cristian Eriksen បានដួលសន្លប់នៅលើទីលាន។

ចំណែកឯ ៣ប្រកួតពីក្នុងពូល A របស់វ៉េលវិញ គឺស្មើស្វីស ១-១ នៅថ្ងៃបើកឆាក មុនពេលឈ្នះតួកគី ២-០ និងចុងក្រោយចាញ់អ៉ីតាលី ១-០ នៅថ្ងៃបិទបញ្ចប់ប្រកួតសន្សំពិន្ទុក្នុងពូល ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ មាន៤ពិន្ទុ។

ដាណឺម៉ាក និងវ៉េល ធ្លាប់មានប្រវត្តិជួបគ្នា ១០ដងដោយក្រុមទាំងពីរពុំដែលលេងស្មើគ្នាឡើយ ក្រៅពីដាណឺម៉ាកធ្លាប់ឈ្នះ ៦ដង និងចាញ់វ៉េល ៤ដងទាំងការប្រកួតពាន World Cup, Nations League, UEFA Euro និងមិត្តភាពផ្សេងៗជាដើម។ ដាណឺម៉ា ធ្លាប់បានឈ្នះពានអឺរ៉ុបនេះម្តងកាលឆ្នាំ១៩៩២ នៅពេលយកឈ្នះអាល្លឺម៉ង់ ២-០ ហើយនេះជាការចូលរួមលើកទី៨ របស់ពួកគេ ដ្បិតមិនដែលរងជើងកពិតមែន គ្រាដែលគូប្រជែងវ៉េល បានចូលរួមជាលើកទី២ តែពួកគេធ្វើបានល្អកាល Euro 2016 នៅប្រទេសបារាំង ដោយបានឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៅពេលចាញ់ព័រទុយហ្គាល់ ២-០៕