(ក្រុងឡុងដ៍)៖ អ៉ីតាលី នឹងប៉ះជំនួបធំប៊ែលហ្សិក ឬព័រទុយហ្គាល់ជាបន្តទៀតក្នុងវគ្គ ៨ក្រុមចុងក្រោយនៅ UEFA Euro 2020 ប្រសិនអាចទម្លាក់គូប្រជែងអូទ្រីសបានមែននារាត្រីម៉ោង ០២៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។

ជំនួបរវាងអ៉ីតាលី និងអូទ្រីសធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស ជាទីដែលធ្វើផ្តាច់ព្រ័ត្រសម្រាប់ Euro 2020 លើកទី១៦ នេះទៀតផង។

អ៉ីតាលី ដែលធ្លាប់ឈ្នះពាន Euro តែម្តងគត់កាលឆ្នាំ១៩៦៨ នោះ ត្រូវបានគេចាត់ទុកជាក្រុមធ្វើបានល្អជាងគេពីការប្រកួតសន្សំពិន្ទុក្នុងពូលទាំង ២៤ប្រទេសដែលមានវត្តមានលើកនេះ ដោយលេង ៣ប្រកួតក្នុងពូល A ឈ្នះទាំងអស់ពុំដែលចាញ់ និងស្មើឡើយ ពោលគឺបំបាក់តួកគី ៣-០ នៅថ្ងៃបើកឆាកមុនទៅឈ្នះស្វីស ៣-០ ដូចគ្នាក្នុងប្រកួតទី២ របស់ពួគេ និងចុងក្រោយឈ្នះវ៉េល ១-០ ទៀត ដោយមិនរបូតសូម្បី ១គ្រាប់ឡើយ ថែមទាំងស៊ុតបញ្ចូលទីគូប្រកួតបាន ៧គ្រាប់។

ចំណែកឯកអូទ្រីសវិញ បានចាប់យុទ្ធនាការ Euro 2020 តាមរយៈបញ្ចប់លេខ២ ពីក្នុងពូល C ដោយរកបាន ៦ពិន្ទុតាមពីក្រោយហូឡង់ដែលមាន ៩ពិន្ទុពេញ ដោយឈ្នះ២ដង និងចាញ់១ដង នៅពេលបំបាក់ម៉ាសេដូនី ៣-១ និងចាញ់ហូឡង់ ២-០ និងចុងក្រោយឈ្នះអ៊ុយក្រែន ១-០ ដ្បិតជាក្រុមពុំដែលឈ្នះ និងរងជើងឯកពាន ៤ឆ្នាំម្តងនេះឡើយ។

អ៉ីតាលី ធ្លាប់បានយកឈ្នះអូទ្រីស ១៦ដង និងស្មើ៨ដង ក្រៅពីចាញ់ ១១ដងពីប្រវត្តិធ្លាប់ជួបគ្នា ៣៥ដង ក៏ប៉ុន្តែក្នុងការប្រកួតក្នុងកម្មវិធីធំៗមានដូចជា World Cup និង UEFA Euro ដាដើមនោះ អាសូរីអ៉ីតាលីតែងតែធ្វើបានល្អជានិច្ចរាល់ពេលប៉ះអូទ្រីស៕