(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានផ្ញើសារចូលរួមអបអរសាទរកីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បន្ទាប់ពីលោកស្រីដណ្ដើមបានជើងឯកក្នុងការប្រកួតកីឡាស្នូកឃ័រការ៉ុមកម្រិតពិភពលោក Blue One Resort LPBA Championship នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្មីៗ កន្លងទៅ ។

ឯកអគ្គរាជទូតខាងលើ បានសម្ដែងនូវអំណរសាទរជាអនេក ចំពោះការដណ្ដើមបានជោគជ័យម្ដងហើយម្ដងទៀតរបស់កីឡាការិនីឆ្នើម ស្រួង ភាវី ហើយបានចាត់ទុកសមិទ្ធផលថ្មីលើឆាកអន្ដរជាតិនេះ គឺជាការនូវមកកិត្តិយសជូនជាតិ និងជាគំរូសម្រាប់កីឡាករ-កីឡាការិនី និងយុវជន-យុវនារី សម្រាប់ការចូលរួមលើកតម្កើងកិត្យានុភាពជាតិ តាមរយៈវិស័យកីឡានេះទៀតផង ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «សមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្ដបន្ទាប់ក្នុងអាជីពកីឡាស្នូកឃ័រជម្រើសជាតិកម្ពុជារបស់លោកស្រី ពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្ដែងការគោរពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្ដ្រីនៅក្នុងវិស័យកីឡា ។ ជោគជ័យគួរជាទីមោទនៈរបស់លោកស្រី ក៏នឹងក្លាយជាគំរូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវជនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាងថ្លៃថ្នលារបស់កម្ពុជានៅលើឆាកអន្ដរជាតិនាពេលខាងមុខផងដែរ»

សូមរំឮកថា កីឡាការិនី ស្រួង ភាវី បានគ្រងជើងឯកការប្រកួតពានរង្វាន់ Blue One Resort LPBA Championship លើកដំបូង បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាង ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២១ ខែមិថុនាកន្លងទៅ នៅសាធាណៈរដ្ឋកូរ៉េ ពិសេសនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំរូបនេះ បានវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត (១១-៤, ១១-៤, ១១-១០ និង ១១-៩ពិន្ទុ) ។ ជ័យជម្នះនេះ លោកស្រីក៏ទទួលបានប្រាក់រង្វាន់ ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារផងដែរ ។

អ្វីដែលពិសេសលោកស្រី ស្រួង ភាវី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាព និងជាកាដូថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកគាំទ្ររបស់លោកស្រីនៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីលោកស្រីបានសម្រេចចិត្តចូលរួមការប្រកួតព្រឹត្តិការណ៍កម្រិតពិភពលោកនេះលើកដំបូង ក្នុងនាមកីឡាការិនីតំណាងក្រុមហ៊ុន Blue One Resort ។ ទន្ទឹមជាមួយគ្នា ក៏មានប្រជាពលរដ្ឋកូរ៉េជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាពចំពោះលោកស្រី ដែលអាចគ្រងជើងឯកពានរង្វាន់ដ៏ធំកម្រិតពិភពលោកនេះ ។

គួរបញ្ជាក់ថា រយៈពេលជាង ១០ឆ្នាំមកហើយ ដែលលោកស្រី ស្រួង ភាវី បានទៅរស់នៅសាធារណរដ្ឋកូរ៉េ ជាមួយស្វាមី ។ បន្ទាប់មកលោកស្រី បានចាប់ផ្ដើមអាជីពជាកីឡាការិនីស្នូកឃ័រប្រភេទការ៉ុម និងបានកសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺនៅកូរ៉េ និងកម្ពុជា តាមរយៈការដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅកូរ៉េ និងលើឆាកអន្ដរជាតិ ទាំងកម្រិតអាស៊ី និងជើងឯកពិភពលោក ជាក់ស្ដែងលោកស្រីក៏ជាអតីតម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ នៅប្រទេសទួកគី ផងដែរ៕