(ភ្នំពេញ)៖ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា G-Link បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

ការចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ រួមបញ្ចូលទាំងការលើកកម្ពស់កម្រិតស្ដង់ដារសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាវិនិយោគិន និងអ្នកជួញដូរអាចរីករាយ ជាមួយដំណើរវិនិយោគដ៏អស្ចារ្យ ក្នុងការស្វែងរកប្រភពបង្កើតប្រាក់ចំណូលបន្ថែម ក្នុងបរិយាកាសវិនិយោគ ប្រកបដោយសុវត្ថិភាព និងតម្លាភាព។

ជាមួយនឹងការបន្ថែមផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ ឬ Equity CFD ក្រុមហ៊ុន G-Link បានក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ លំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជា សម្រាប់ការជួយបង្កើនឱកាសវិនិយោគ កាន់តែច្រើនសម្រាប់វិនិយោគិន និងអ្នកជួញដូរទាំងអស់។

ដើម្បីកត់សម្គាល់សមិទ្ធផលដ៏សំខាន់នេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន G-Link បានរៀបចំពិធីអបអរសាទរ តាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន អាចណែនាំអំពីផលិតផលវិនិយោគ ក្នុងទម្រង់ជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងគុណសម្បត្តិរបស់ផលិតផលទាំងនេះ ទៅដល់សាធារណជន ដូចជាចែករំលែកពេលវេលា រីករាយជាមួយភ្ញៀវកិត្ដិយសផងដែរ។

ពិធីអបអរសាទរនេះមានការចូលរួមពី ថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) រួមមានលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក លោកមបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រនៃ ន.ម.ក លោក យន់ សុវណ្ណារ៉ា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ពេជ្រ រិទ្ធី អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ស៊ីម ណារីកិត្យា មន្រ្ដីជំនាញការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ ដើម្បីជាសក្ខីភាព និងអបអរសាទរដល់ការរីកចម្រើន ឥតឈប់ឈររបស់ក្រុមហ៊ុន G-Link។

ជាមួយគ្នានេះវត្តមានថ្នាក់ដឹកនាំនៃ ក្រុមហ៊ុនសមភាគីកណ្ដាលរួមមាន៖ លោកស្រី ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោកស្រី Jen Tran និងលោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។

កម្មវិធីនេះចូលរួមអបអរសាទរពី ភ្ញៀវកិត្ដិយសជាច្រើនរូបទៀត ដែលបានឆ្លុះបញ្ចាំងពី ភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន G-Link ក្នុងការបង្កើនកម្រិតស្តង់ដារទីផ្សារនៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ ន.ម.ក។

ផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុនលំដាប់ពិភពលោក ដែលក្រុមហ៊ុន G-Link បាននាំយកមក គឺជាការជួញដូរលើតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនអន្តរជាតិទាំងនោះ ហើយភាគច្រើន យើងសុទ្ធតែបានស្គាល់ និងកំពុងប្រើប្រាស់សព្វថ្ងៃនេះ មានក្រុមហ៊ុន Facebook Apple Tesla Microsoft Starbucks Amazon Coca-Cola និងក្រុមហ៊ុនជាច្រើនទៀត ដែលភាគច្រើនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់ និងប្រទេសចិន។
វិនិយោគិនអាចជួញដូរលើតម្លៃភាគហ៊ុន ឬមូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងអស់នេះបាន តាមរយៈកម្មវិធីជួញដូររបស់ក្រុមហ៊ុន G-Link។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងជាតំណាងនៃក្រុមហ៊ុន G-Link បានថ្លែថា «ក្នុងឱកាសដ៏ពិសេសនេះ ខ្ញុំតំណាងឱ្យក្រុមហ៊ុន G-Link ទាំងមូល សូមសម្ដែងនូវសេចក្ដីរំភើបរីករាយ ដែលយើងមានផលិតផលវិនិយោគ កាន់តែច្រើនសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលវិនិយោគទាំងនេះ នឹងធ្វើឱ្យសកម្មភាពវិនិយោគកាន់តែមមាញឹក និងទាក់ទាញការចូលរួមកាន់តែច្រើនពី តួអង្គទីផ្សារទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុ»

លោកបន្ដថា «ក្នុងស្មារតីនេះក្រុមហ៊ុនប្តេជ្ញាចិត្ដថា នឹងពង្រឹងប្រតិបត្តិការអាជីវកម្ម ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ហើយនឹងបន្ដការអភិវឌ្ឍសេវាកម្ម និងផលិតផលវិនិយោគឱ្យកាន់តែល្អប្រសើរ។ យើងក៏សូមថ្លែងអំណរគុណចំពោះ ន.ម.ក និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់យើង សម្រាប់ការដឹកនាំ និងការគាំទ្រជាបន្តបន្ទាប់ ក្នុងដំណើររួមគ្នាក្នុងការជួយសម្រួល ដល់ការវិនិយោគប្រកបដោយសុវត្ថិភាព និងតម្លាភាព ដើម្បីការពារវិនិយោគិន និងជំរុញកំណើនទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន»

គណៈអធិបតីនៃ ន.ម.ក បានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុន G-Link ដែលតែងតែបន្ដប្រតិបត្ដិការល្អប្រសើរ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេ និងបានអបអរសាទរដល់ក្រុមហ៊ុន G-Link ដែលបានក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ 

លោក ស៊ូ សុជាតិ បានថ្លែថា «ចាប់តាំងពី ន.ម.ក បានផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន G-Link ឱ្យដំណើរការអាជីវកម្មរបស់ខ្លួនមក យើងតែងតែមើលឃើញ ការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍផលិតផលវិនិយោគរបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុនមានផលិតផលឧបករណ៍និស្សន្ទ ដែលទទួលបានការអនុញ្ញាតឱ្យជួញដូរពី ន.ម.ក ប្រមាណជា១១២ផលិតផលរួមមាន៖ កិច្ចសន្យាលើគម្លាតថ្លៃរូបិយប័ណ្ណបរទេស កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលើគម្លាតថ្លៃថាមពល កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ។ នេះគឺជាចំនួនផលិតផលឧបករណ៍និស្សន្ទច្រើនជាងគេ បើធៀបជាមួយនឹងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដទៃទៀត»

លោកបានបញ្ជាក់ថា «ការកើនឡើងនូវទំហំជួញដូររបស់ក្រុមហ៊ុននេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះក្រុមហ៊ុននេះបាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគសាធារណៈ តាមរយៈការផ្ដល់ជម្រើសផលិតផលឧបករណ៍និស្សន្ទ ដែលទទួលបានការអនុញ្ញាតជាច្រើន ដល់វិនិយោគិនរួមទាំង ការគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្ដិដែលមានជាធរមាន។ ខ្ញុំក៏សូមថ្លែងអំណរគុណក្រុមហ៊ុន G-Link ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការទាក់ទាញ និងការផ្ដល់ទំនុកចិត្ដដល់វិនិយោគិន ឱ្យចូលរួមវិនិយោគនៅក្នុងវិស័យនេះ»។

លោក Lawrence Kook បានឲ្យដឹងថា «ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទនភាពដែលបានឃើញពី ការប្តេជ្ញាចិត្តក្នុងការបង្កើនឱកាសវិនិយោគ និងការអភិវឌ្ឍសេវាកម្មរបស់ក្រុមហ៊ុន G-Link។ ដោយបានចូលរួមជាសក្ខីភាព ក្នុងពិធីអបអរសាទរនេះយើងជឿជាក់ថា ក្រុមហ៊ុន G-Link នឹងអាចផ្សព្វផ្សាយផលិតផលវិនិយោគ ក្នុងទម្រង់ជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងអត្ថប្រយោជន៍របស់វា ដោយជោគជ័យ ដោយអនុញ្ញាតឱ្យវិនិយោគិន និងអ្នកជួញដូរទាំងអស់អាចវិនិយោគបានយ៉ាងងាយស្រួល និងអាចទាញយកផលត្រឡប់ ពីការវិនិយោគជាបន្តបន្ទាប់»។

ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា និងដើម្បីឱ្យប្រជាជនកម្ពុជា អាចទាញយកសារៈប្រយោជន៍ ពីផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិនេះ ក្រុមហ៊ុន G-Link នឹងរៀបចំផ្ដល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗដល់អតិថិជន។

ដូច្នេះសូមតាមដានទំព័រហ្វេសប៊ុក Golden FX Link Capital ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាក់ទងនឹងប្រូម៉ូសិន និងចំណេះដឹងពាក់ព័ន្ធនឹងការជួញដូរ ផលិតផលហិរញ្ញវត្ថុ។ ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ សាកសួរព័ត៌មានបន្ថែម ទាក់ទងនឹងការបើកគណនីជួញដូរ ឬការប្រឹក្សាយោបល់អំពីការវិនិយោគលើឧបករណ៍និស្សន្ទ សូមទាក់ទងមកកាន់ក្រុមហ៊ុន G-Link តាមរយៈទូរស័ព្ទលេខ៖ ០២៣ ២២៦ ៦៦៦៕