(ភ្នំពេញ)៖ ក្រុមប្រតិភូ និងកីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញហើយ បន្ទាប់ពីបញ្ចប់ការធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃដោយជោគជ័យ នៅមជ្ឈមណ្ឌលហ្វឹកហ្វើនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ខណៈពុំមាននរណាម្នាក់រកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ ឡើយ ក្រោយធ្វើតេស្ដលើកទី២ កាលពីម្សិលមិញ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ជាក់នាល្ងាចថ្ងៃសៅរ៍នេះថា «លទ្ធផលនៃការពិនិត្យសំណាករបស់ក្រុមជម្រើសជាតិកម្ពុជាលើកទី២ ចេញមកជាផ្លូវការហើយ កីឡាករ និងមន្ត្រីទាំងអស់គឺអវិជ្ជមាន ពុំមានមេរោគឆ្លងកូវីត-១៩ ឡើយ បន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ កីឡាករ និងក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងបុគ្គលិកមជ្ឈមណ្ឌលទាំងអស់ ដែលជួយសម្របសម្រួលដល់ការស្នាក់នៅរបស់ក្រុមរយៈពេល ១៤ថ្ងៃនេះ»។

សូមបញ្ជាក់ថា សមាជិកក្រុមគោព្រៃកម្ពុជាទាំងអស់ត្រូវបានតម្រូវឲ្យធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ក្រោយបញ្ចប់បេសកកម្មចូលរួមការប្រកួតសេសសល់ នៃការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C (ជុំទី២) នៅប្រទេសបារ៉ែនកាលពីថ្មីៗ ហើយបានត្រឡប់មកដល់មាតុភូមិវិញកាលពីរាត្រីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ។ ចំពោះការធ្វើចត្ដាឡីស័កនេះ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕