(ចិន)៖ ក្រុមហ៊ុនផលិតរថយន្ត ដើរដោយថាមពលអគ្គសនី Tesla នឹងហៅត្រឡប់មកវិញ នូវរថយន្តជាង២៨៥.០០០គ្រឿង ពីទីផ្សារនៅក្នុងប្រទេសចិន បន្ទាប់ពីមានការស៊ើបអង្កេតមួយ បានរកឃើញថា មានបញ្ហាជាមួយនឹងកម្មវិធីផ្នែកទន់ជំនួយការបើកបរ ដែលអាចបង្កឲ្យមានការបុកគ្នា នៅលើដងផ្លូវ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋបាលបទប្បញ្ញតិ្តទីផ្សាររបស់ចិន (SAMR) បានបញ្ជាក់កាលពីយប់ថ្ងៃសុក្រថា ក្រុមហ៊ុន Tesla នឹងទាក់ទងទៅកាន់អ្នកប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរឡើង នៃកម្មវិធីផ្នែកទន់រថយន្តរបស់ពួកគេ ដោយឥតគិតថ្លៃ។
SAMR បានបន្ថែមថា កំហុសបច្ចេកទេសនេះ បានប៉ះពាល់ដល់រថយន្តនាំចូលមួយចំនួន និងរថយន្តផលិតក្នុងស្រុក នៃម៉ូឌែល Model 3 និងម៉ូឌែល Model Y។
SAMR បានបញ្ជាក់ថា «គម្រោងហៅត្រឡប់មកវិញ បានដាក់ជូន SAMR រួចរាល់ហើយ, ហើយបានសម្រេចថា នឹងធ្វើការហៅត្រឡប់មកវិញ ចាប់ផ្តើមពីថ្ងៃនេះ»។
ការបញ្ជាឲ្យហៅត្រឡប់មកវិញនេះ គឺជាបញ្ហាថ្មីចុងក្រោយបង្អស់ ចំពោះអ្នកត្រួសត្រាយផ្លូវ ផលិតរថយន្តបើកបរដោយខ្លួនឯង របស់អាមេរិកនេះ, ដែលបានទទួលការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសចិន ដោយសារតែមានហេតុការណ៍ បុកគ្នាស្លាប់ជាច្រើនករណី ពាក់ព័ន្ធនឹងរថយន្ត របស់ក្រុមហ៊ុន Tesla នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕