(អាំស្ទើដាំ)៖ ក្រុមជម្រើសជាតិដាណឺម៉ាក បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយយ៉ាងអស្ចារ្យ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិវ៉េល ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយចាញ់-ធ្លាក់នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA European Championship 2020 នារាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នាកីឡដ្ឋាន Johan Criujff Arena ស្ថិតក្នុងប្រទេសហូឡង់។

ការប្រជែងគ្នាយ៉ាងស្វិតស្វាញក្រុមជម្រើសជាតិដាណឺម៉ាក រកបានគ្រាប់នាំមុខដោយកីឡាករ Kasper Dolberg នៅនាទី២៧ ខណៈចូលតង់ទី២ រូបគេក៏បន្តរកបានគ្រាប់ទី២ទៀតនៅនាទី៤៨ ពីការបង្កើតឱកាសពីសំណាក់មិត្តរួមក្រុម Martin Brathwaite ហើយកីឡាករ Joakim Maehle រកបានគ្រាប់ទី៣ នៅនាទី៨៩ និងគ្រាប់ទី៤ ចុងក្រោយគេនៅនាទី៩០+៤។

ដូច្នេះក្រុមជម្រើសជាតិដាណឺម៉ាក ត្រូវឡើងទៅឈររង់ចាំវគ្គ ៨ក្រុមចុងក្រោយរវាងក្រុមរកបានជ័យជម្នះពីសំណាក់ក្រុមជម្រើសជាតិហូឡង់ ប៉ះក្រុមជម្រើសជាតិសាធារណរដ្ឋឆេក ដោយនឹងសម្រេចនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅឯកីឡដ្ឋាន Budapest ប្រទេសហុងគ្រី។

វ៉េល ជាក្រុមដំបូងគេដែលបានហាលអាវពីវគ្គ ១៦ក្រុមនៅ Euro 2020 លើកទី១៦ នេះ គ្រាដែលពួកគេធ្លាប់ឡើងដល់វគ្គ ៤ក្រុមកាលពី Euro 2016 នៅបារាំង៕