(ជប៉ុន)៖ អ្នករៀបចំព្រឹត្តិការណ៍ Tokyo 2020 Olympic និង Paralympic Games នឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យអ្នកស្ម័គ្រចិត្តជួយរៀបចំព្រឹត្តិការណ៍កីឡានេះ សរុប៧០.០០០នាក់, នេះបើយោងតាមការបញ្ជាក់ពីអ្នករៀបចំព្រឹត្តិការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Nikkei នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។

Nikkei បានបន្ថែមថា មួយចំនួននៃអ្នកស្ម័គ្រចិត្ត បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

សារព័ត៌មាន NHK កាលពីដើមខែនេះ បានចេញផ្សាយថា អ្នកស្ម័គ្រចិត្តប្រមាណ១០.០០០នាក់ ក្នុងចំណោម៨០.០០០នាក់ បានសុំឈប់ពីតួនាទី ក្នុងការជួយរៀបចំព្រឹត្តិការណ៍ Tokyo Olympics នេះ។

តាមរយៈទស្សនៈជាច្រើន ដែលត្រូវបានគេស្ទង់មតិបានបង្ហាញថា ភាគច្រើននៃអ្នកដែលបានឆ្លើយតប គឺបានប្រឆាំងនឹងការរៀបចំព្រឹត្តិការណ៍ នៅរដូវក្តៅនេះឡើង នៅអំឡុងពេលនៃការរីករាលដាល នៃជំងឺឆ្លងនេះ៕