(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី បានឡើងទៅវគ្គ ៨ក្រុមនៃពានរង្វាន់អឺរ៉ុប European Championship 2020 ជាបន្តទៀតហើយនៅពេលទម្លាក់គូប្រជែងអូទ្រីសក្នុងលទ្ធផល ២-១ ក្នុងនាទីបន្ថែម ១៥នាទី ២ដងនាយប់មិញនេះ។
ការប្រកួតដែលត្រូវឡើងនៅកីឡដ្ឋាន Wembley នៃប្រទេសអង់គ្លេស ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ០-០ ក្នុង ៩០នាទីពេញម៉ោង ដ្បិតខ្សែប្រយុទ្ធ Marko Arnautovic តែតបញ្ចូលទីបាន ១គ្រាប់នៅនាទី៦៥ តែអាជ្ញាកណ្តាលអត់ឲ្យនៅពេលឆែក VAR ឃើញថាបាល់នោះស្ថិតនៅជំហរក្រៅល្បែង (off side)។
តែយ៉ាងណាខ្សែប្រយុទ្ធមកពីក្លិប Juventus, Federico Chiesa ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី៩៥ នៅមុនពេលមិត្តរួមក្រុម Pessina ដែលរកបាន ១គ្រាប់ផងដែរពេលអ៉ីតាលីឈ្នះវ៉េល ១-០ ពីការប្រកួតក្នុងពូល A នោះ នៅនាទី១០៥ គ្រាដែល Kalajzic រកបានតែ ១គ្រាប់ឲ្យអូទ្រីសនៅនាទី១១៤។
អ៉ីតាលី ត្រូវរង់ចាំក្រុមឈ្នះរវាងគូប៊ែលហ្សិក ប៉ះព័រទុយហ្គាល់នារាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅពេលដែលដាណឺម៉ាកដែលបានឈ្នះកៅអីវគ្គ ៨ក្រុមចុងក្រោយមុនគេនោះ ត្រូវរង់ចាំរវាងក្រុមឈ្នះហូឡង់ប៉ះសាធារណរដ្ឋឆេកនារាត្រីនេះ៕