(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឯកទេស ពៅ ឈាងហេង ឯកទេស ជំងឺសួត និង ផ្លូវ ដង្ហើម បានបញ្ជាក់ថា ការគេង ស្រម៉ុក គឺជាជំងឺមួយ ដែលក្រុមគ្រូពេទ្យបានចាត់ទុកថា ជាឃាតករលាក់មុខ ព្រោះវាបង្កើនហានិភ័យនៃការស្ទះសរសៃឈាមខួរក្បាល និងបេះដូង ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា ការគេងស្រម៉ុក គឺជាសញ្ញាមួយបង្ហាញថាយើង កំពុងប្រឈមនឹងបញ្ហាស្ទះផ្លូវដង្ហើម ដែលអាចជាផ្នែកមួយនៃជំងឺដ៏កាចសាហាវមួយដែលហៅថា sleep apnea ឬapnée du sommeil ។

ជំងឺនេះបង្ហាញរោគសញ្ញាដូចជា៖
*ការគេងស្រម៉ុក
*ងងុយគេងខ្លាំងពេលថ្ងៃ
*បត់ជើងតូចញឹកនៅពេលយប់
*ស្ងួត ក ពេលក្រោកពីដំណេក
*អស់កម្លាំងក្រោយក្រោកពីដំណេក
*ឧស្សាហ៍ភ្លេចភ្លាំង
*មានអារម្មណ៍ឆេវឆាវ
*ពិបាកផ្ចង់អារម្មណ៍។

លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា បើយើងមិនយកចិត្តទុកដាក់ស្វែងរក និង ព្យាបាលឲ្យទាន់ពេលវេលាទេ វាបណ្ដាលឲ្យមានផលលំបាក ជាច្រើន រួមមាន៖
*អាចបណ្ដាលឲ្យ ជំងឺ ស្ត្រេស (depression) ភ្លេចច្រើន និង ករណីខ្លះ អាចបណ្ដាលឲ្យសមត្ថភាពផ្លូវភេទថយចុះ។
*បង្កើនហានិភ័យនៃជំងឺ ស្ទះសរសៃឈាមខួរក្បាលនិងបេះដូង ធ្វើឲ្យសម្ពាតឈាមកើនឡើង ធ្វើឲ្យមាន វិបត្តចង្វាក់បេះដូង។
*គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីកាគេងលក់ពេលកំពុងបើកបរ ។
*បង្កើនហានិភ័យនៃជំងឺ ទឹកនោមផ្អែមប្រភេទទីពីរ។

ដើម្បីធ្វើរោគវិនិច្ឆ័យ អ្នកជំងឺត្រូវធ្វើ តេស្ត sleep study ដោយ ពាក់ម៉ាសុីន Polygraph នៅពេលគេង យ៉ាងតិច ៨ម៉ោង តាមរយៈលិទ្ធផល Polygraph នេះ គ្រូពេទ្យនឹង បញ្ជាក់ពី ជំងឺ sleep apnea និង កម្រិតធ្ងន់ធ្ងរ របស់វា៕