(ភ្នំពេញ)៖ តើតុលាការមានមូលដ្ឋានអ្វី ដើម្បីវាយតម្លៃលើការបែងចែងទ្រព្យរួមសរុប ហើយបុគ្គលណាខ្លះដែលមានសិទ្ធិក្នុងការវាយតម្លៃលើទ្រព្យទាំងនោះ?

សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការវាយតម្លៃទ្រព្យរួមសរុបដោយតុលាការ» មកធ្វើការបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

នៅពេលមានបណ្តឹងលែងលះដាក់មកតុលាការ ហើយមានការទាមទារបែងចែកទ្រព្យរួមរបស់ប្តីប្រពន្ធដោយ សារភាគីប្តីប្រពន្ធមិនអាចពិភាក្សាគ្នាបែងចែក និងតម្រូវឱ្យមានការបែងចែកដោយតុលាការ ជាអាទិ៍ ទ្រព្យសម្បត្តិរួមទាំងនោះនៅពេលដាក់មកតុលាការ តុលាការត្រូវវាយតម្លៃទ្រព្យរួមទាំងនោះ ឱ្យទៅជាចំនួនទឹកប្រាក់ ដើម្បីងាយស្រួលធ្វើការគណនា។ ការវាយតម្លៃទ្រព្យរួមទៅជាចំនួនទឹកប្រាក់ មិនមែនយកទ្រព្យរួមនោះទៅលក់នោះទេ គឺជាមធ្យោបាយមួយដែលមានភាពជាក់លាក់ក្នុងការធ្វើជាមូលដ្ឋានបែងចែកទ្រព្យរួមតែប៉ុណ្ណោះ។

មួយវិញទៀតមូលដ្ឋាននៅពេលវេលាសម្រាប់គណនាតម្លៃ គឺកាលបរិច្ឆេទនៃដំណើរការបណ្តឹង។ បុគ្គលដែលមានសិទ្ធិវាយតម្លៃ គឺបុគ្គលដែលត្រូវបានតុលាការជ្រើសតាំង ប្រសិនបើគូភាគីមិនឯកភាពគ្នាអំពីតម្លៃ ឬគូភាគីមិនឯកភាពគ្នាអំពីបុគ្គលដែលត្រូវជ្រើសតាំង។

នៅក្នុងស្ថានភាពជាក់ស្តែងនៃការបែងចែកទ្រព្យរួមក្នុងសំណុំរឿងលែងលះ ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ អាចមានច្រើនប្រភេទ និងប្រសិនបើធ្វើការចាត់ថា្នក់តាមច្បាប់ អាចជាចលនទ្រព្យ (រថយន្ត ម៉ូតូ គ្រឿងអលង្ការ នាឡិកា កុំព្យូទ័រ ជាអាទិ៍) អចលនទ្រព្យ (ដីធ្លី អគារ ជាអាទិ៍) សិទ្ធិលើបំណុល (ប្រាក់ក្នុងគណនីធនាគារ ឬប្រាក់ដែលអ្នកដទៃជំពាក់ ជាអាទិ៍) និងសិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀត (ភាគហ៊ុននៅក្នុងក្រុមហ៊ុន ឬមូលបត្រ ឬកម្មសិទ្ធិបញ្ញា ជាអាទិ៍)។

ប្រសិនបើទ្រព្យខាងលើនេះជាទ្រព្យរួម នៅពេលលែងលះមានភាពចាំបាច់ក្នុងការបែងចែក ហេតុនេះដើម្បីឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងសង្គតភាពតាមច្បាប់ តម្រូវឱ្យធ្វើការវាយតម្លៃទ្រព្យទាំងនោះទៅជាចំនួនទឹកប្រាក់ ដោយតុលាការ ដែលអាចមានជំនួយពីគូភាគី ឬអ្នកជំនាញ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់តម្លៃទ្រព្យរួមសរុប។

នៅពេលធ្វើការវាយតម្លៃទ្រព្យនោះជាចំនួនទឹកប្រាក់ហើយ តុលាការនឹងយកមូលដ្ឋាននេះសម្រាប់ការការបែងចែក។

សម្មតិកម្មខាងក្រោមនេះ នឹងបង្ហាញអំពីរបៀបនៃការវាយតម្លៃ ៖

* «ក» ជាប្តី «ខ» ជាប្រពន្ធ
* «ខ» បានដាក់ពាក្យបណ្តឹងលែងលះ «ក» និងទាមទារឱ្យតុលាការបែងចែកទ្រព្យរួម
* ទ្រព្យសម្បត្តិរួមមានដូចជាដី L នៅជាយក្រុងភ្នំពេញ ផ្ទះកំពុងរស់នៅសព្វថ្ងៃ និងប្រកបអាជីវកម្មលក់ចាប់ហួយ
* ប្រាក់សន្សំនៅក្នុងគណនីធនាគារចំនួន 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក
* ម៉ូតូមួយគ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ 2020 រថយន្តមួយគ្រឿងម៉ាក LEXUS 330 ឆ្នាំ 2007 នាឡិកាបីគ្រឿង និងគ្រឿងអលង្ការពីរឈុត។ ដោយទ្រព្យរួមទាំងនេះភាគីមិនឯកភាពក្នុងការបែងចែក និងបានស្នើសុំមកតុលាការឱ្យធ្វើការបែងចែក។

តើតុលាការត្រូវវាយតម្លៃទ្រព្យសម្បត្តិរួមដូចម្តេច?

ដើម្បីមានភាពច្បាស់លាស់ ត្រឹមត្រូវ និងសង្គតភាពតាមច្បាប់ ទ្រព្យសម្បត្តិរួម ត្រូវធ្វើការវាយតម្លៃជាប្រាក់ ទើបមានភាពងាយស្រួលក្នុងការបែងចែក។

ផ្អែកតាមសម្មតិកម្មខាងលើ តុលាការអាចសាកសួរភាគី ឱ្យធ្វើការកំណត់អំពីតម្លៃ បើគូភាគីឯកភាពគ្នាអំពីតម្លៃ តុលាការអាចប្រើមូលដ្ឋានដែលគូភាគីព្រមព្រៀងគ្នាអំពីតម្លៃនោះ ធ្វើជាចំនួនទឹកប្រាក់សរុបនៃទ្រព្យរួមទាំងអស់។

ផ្ទុយទៅវិញ ក្នុងករណីមានទ្រព្យរួមណាមួយ ភាគីមិនឯកភាពគ្នាលើតម្លៃនោះទេ តុលាការអាចសួរយោបល់គូភាគី ថាតើគប្បីជ្រើសតាំងបុគ្គលណាជាអ្នកវាយតម្លៃលើទ្រព្យជាក់លាក់នោះ ប្រសិនបើគូភាគីឯកភាពគ្នាលើអ្នកជំនាញណាម្នាក់ក្នុងការវាយតម្លៃចំពោះទ្រព្យរួមណាមួយ តុលាការអាចជ្រើសតាំងបុគ្គលនោះធ្វើជាអ្នកវាយតម្លៃ ហើយផ្អែកលើរបាយការណ៍របស់អ្នកវាយតម្លៃដែលត្រូវបានជ្រើសដោយគូភាគី តុលាការនឹងធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាទឹកប្រាក់នៃទ្រព្យនោះ។

ដោយឡែក ប្រសិនបើគូភាគីមិនឯកភាពក្នុងការកំណត់តម្លៃទ្រព្យរួម និងអ្នកជំនាញនោះទេតុលាការជាអ្នកជ្រើសតាំងអ្នកជំនាញ សម្រាប់ជាជំនួយក្នុងការវាយតម្លៃទ្រព្យរួមសរុបជាទឹកប្រាក់។ ប្រសិនបើបានកំណត់អ្នកជំនាញដោយតុលាការក្នុងកំណត់តម្លៃទ្រព្យរួមទាំងនោះ តុលាការនឹងប្រើរបាយការណ៍នោះជាមូលដ្ឋាននៃការកំណត់តម្លៃសរុបនៃទ្រព្យរួមនោះ។

សន្មតថា តុលាការជាអ្នកជ្រើសតាំងអ្នកជំនាញក្នុងការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃទ្រព្យរួមខាងលើនេះ ហើយជាលទ្ធផលនៅក្នុងរបាយការណ៍វាយតម្លៃ បានកំណត់ថា៖

* ដី L នៅជាយក្រុងភ្នំពេញ មានតម្លៃ ៖ 100,000 (មួយសែន) ដុល្លារអាមេរិក
* ផ្ទះកំពុងរស់នៅសព្វថ្ងៃ មានតម្លៃ ៖ 200,000 (ពីរសែន) ដុល្លារអាមេរិក
* ម៉ូតូមួយគ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ 2020 ៖ 2,000 (ពីរពាន់) ដុល្លារអាមេរិក
* រថយន្តមួយគ្រឿងម៉ាក LEXUS 330 ឆ្នាំ 2007 ៖ 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក
* នាឡិកាបីគ្រឿង មានតម្លៃ ៖ 8,000 (ប្រាំបីពាន់) ដុល្លារអាមេរិក
* គ្រឿងអលង្ការពីរឈុត មានតម្លៃ ៖ 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក
* ប្រាក់សន្សំនៅក្នុងគណនីធនាគារចំនួន 20,000 (ពីរម៉ឺន) ដុល្លារអាមេរិក៖ មិនចាំបាច់វាយតម្លៃនោះទេ។

ហេតុនេះ ទ្រព្យរួម មានតម្លៃសរុបចំនួន 370,000 (បីសែនប្រាំពីរម៉ឺន) ដុល្លារអាមេរិក ។

ផ្អែកលើមូលដ្ឋាននៃការវាយតម្លៃខាងលើនេះ ក្នុងករណីតុលាការកំណត់ចំណែកនៃទ្រព្យរួមម្នាក់ៗ ចំនួន ១ភាគ២ នាំឱ្យប្រពន្ធនឹងទទួលបានទ្រព្យរួមដែលមានតម្លៃ 185,000 (មួយសែនប្រាំបីម៉ឺនប្រាំពាន់) ដុល្លារអាមេរិក និងប្តីទទួលបានទ្រព្យរួមដែលមានតម្លៃ 185,000 (មួយសែនប្រាំបីម៉ឺនប្រាំពាន់) ដុល្លារអាមេរិក៕