(ប៊ូដាប៉េស)៖ ហូឡង់ មានប្រវត្តិមិនល្អឡើយពេលប៉ះសាធារណរដ្ឋឆេកក្នុងពានអឺរ៉ុប UEFA Euro មួយនេះ ដោយពួកគេធ្លាប់ចាញ់ដល់ទៅ ៥ដងឯណោះ ក្រៅពីស្មើ៣ដង និងចាញ់ ៣ដងនាពេលកន្លងមកពីប្រវត្តិជួបគ្នា ១១លើក។
ហូឡង់ និងសាធារណរដ្ឋឆេក ត្រូវប្រជែងគ្នាយប់នេះ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៅពានអឺរ៉ុប UEFA Euro 2020 នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ នៃការប្រកួតលើកទី៣៩ ក្នុងចំណោម ៥១ប្រកួតសរុបនៅយុទ្ធនាការប្រចាំទ្វីបអឺរ៉ុបលើកទី១៦ នេះនៅកីឡដ្ឋាន Puskas Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។
ជំនួបរវាងហូឡង់ ទល់នឹងសាធារណរដ្ឋឆេក ជាការប្រកួតទី៣ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៅ Euro 2020 ដ្បិតដាណឺម៉ាក និងអ៉ីតាលីសុទ្ធតែបានកក់កៅអីទៅវគ្គ ៨ក្រុមដូចៗគ្នាហើយ ដែលបញ្ចប់ការប្រកួតវគ្គ ១៦ក្រុមនារាត្រីថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
ហូឡង់ ជាក្រុមលេខ១ ចេញពីពូល C ដោយលេង ៣ប្រកួតមិនដែលចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់ ដែលត្រូវប៉ះក្រុមលេខ៣ ចេញពីពូល D សាធារណរដ្ឋឆេក ដែលលេង ៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ១ ស្មើ១ និងចាញ់១៕