(ម៉ានីល)៖ លោក Audie Attar អ្នកចាត់ការទូទៅក្រុមហ៊ុនប្រដាល់សកលមួយរូប បានដាក់ពាក្យប្តឹងទៅលើកីឡាករ Manny Pacquiao ជុំវិញាកររំលោភកិច្ចសន្យាដែលបានព្រមព្រៀងប្រកួតទល់នឹងកីឡាករ Mikey Garcia តែបែរជាផ្លាស់ប្តូរភ្លាមៗដោយប្រកួតជាមួយ Errol Spence ទៅវិញ។

អ្នកចាត់ការកីឡាប្រដាល់ដ៏មានឥទ្ធិផលមួយរូបខាងលើនេះ ប្តឹងទាមទារសំណងពី Many Pacquiao ចំនួន ៣.៣លានដុល្លារផងដែរ និងស្នើឲ្យបញ្ឈប់ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមរវាង Pac Man និង Errol Spence នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ទៀតផង។

នៅក្នុងពាក្យបណ្តឹងរបស់មេធាវី Judd Burstein ដែលត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Athletic បានឲ្យដឹងថា «ក្រុមហ៊ុន Paradigm បានខាតបង់ទឹកប្រាក់រាប់លានដុល្លារ និងរងការខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនផងនោះ ដែលបណ្តាលមកពីការរំលោភកិច្ចសន្យារបស់ Manny Pacquiao»

ដូចគ្នានោះដែរលោក Dale Kinsella មេធាវីរបស់កីឡាករ Pacquiao ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា «បណ្តឹងដែលប្តឹងកីឡាករវ័យ ៤២ឆ្នាំសញ្ជាតិហ្វីលីពីនដោយក្រុមហ៊ុន Paradigm Sports ទៅតុលាការរដ្ឋ California កាលពីថ្ងៃសុក្រនោះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីជ្រៀតជ្រែកក្នុងការប្រយុទ្ធដ៏ធំនាពេលខាងមុខរបស់ Pac Man ហើយវាអាចនឹងបរាជ័យសម្រាប់រឿងនេះទៀតផង»