(សេវីយ៉ា)៖ ក្រុមការពារតំណែងជើងឯក Euro 2016 ព័រទុយហ្គាល់ ត្រូវប៉ះក្រុមលេខ១ ពិភពលោកប៊ែលហ្សិក ក្នុងវគ្គ ១៦ក្រុមនៃពានអឺរ៉ុបនៃវគ្គ ១៦ក្រុមយប់នេះ ដិ្បតបច្ចខែលព័រទុយហ្គាល់ពុំដែលចាញ់បិសាចក្រហប៊ែលហ្សិកពីប្រវត្តិជួបគ្នា ៥លើកចុងក្រោយនេះ។

ជំនួបខ្លាំងប៉ះខ្លាំងរវាងព័រទុយហ្គាល់ និងប៊ែលហ្សិក នឹងធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja ដែលស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញនាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតលើកទី៤០ នៃព្រឹត្តិការណ៍ Euro 2020 លើកទី១៦នេះ ដែលមាន ២៤ប្រទេសចូលរួមធ្វើការប្រកួតប្រជែង ១ខែពេញចាប់ពីថ្ងៃទី១២ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

បើកក្រឡេកទៅលើប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយចាប់តាំងពីឆ្នាំ២០០០ មក ក្រុមរបស់ Cristiano Ronaldo បានយកឈ្នះក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Roberto Martinez ចំនួន ៤ដង និងស្មើ ១-១ ម្តងប៉ុណ្ណោះទាំងការប្រកួតមិត្តភាពអន្តរជាតិ និងពានរង្វាន់នេះតែម្តង។

ប៊ែលហ្សិក ពុំដែលឈ្នះពាន Euro នេះម្តងណាទេ ក្រៅបានរងជើងឯកម្តងកាលឆ្នាំ១៩៨០ នៅពេលចាញ់អាល្លឺម៉ង់ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ដ្បិតគូប្រជែងរាត្រីនេះធ្លាប់ឈ្នះបានម្តងកាល Euro 2016 នៅប្រទេសបារាំង។ ប៊ែលហ្សិកជាក្រុមលេខ១ ចេញពីពូល B ដោយលេង ៣ប្រកួតក្នុងពូលឈ្នះទាំង ៣ប្រកួត គ្រាដែលព័រទុយហ្គាល់ជាក្រុមលេខ៣ ល្អចេញពីពូល F ចុងក្រោយ ដោយលេង ៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ១ ចាញ់១ និងស្មើ១។ ក្រុមឈ្នះរាត្រីនេះ នឹងត្រូវឡើងទៅប៉ះអ៉ីតាលីនៅវគ្គ ៨ក្រុមជាបន្តទៀត៕