(រីយ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេក្វាទ័របានបញ្ចប់កំណត់ត្រាឈ្នះ ១០ប្រកួតជាប់គ្នារបស់ប្រេស៊ីល នៅពេលតាមបានស្មើ ១-១ ក្នុងវគ្គទី២ នាព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា)។

ខ្សែការពារមកពីក្លិប Real Madrid នៃប្រទេសអេស្ប៉ាញ Eder Militao ជាអ្នកតែតគ្រាប់នាំមុខឲ្យសាំបាប្រេស៊ីលនៅនាទី៣៧ ដែលជាគ្រាប់ទី១ របស់គេក្នុងក្រុមជម្រើសជាតិពីការបញ្ជូនរបស់មិត្តរួមក្រុម Sousa Soares មុនពេលកីឡាករ Angel Mena រកគ្រាប់តាមស្មើឲ្យអេក្វាទ័រវិញនៅនាទី៥៣ ក្នុងវគ្គទី២ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

លទ្ធផលស្មើនេះដែរ អេក្វាទ័របានបញ្ចប់កំណត់ត្រាឈ្នះ ១០ប្រកួតជាប់ៗគ្នារបស់សាំបាគិតចាប់តាំងពីឆ្នាំ២០១៩ មក នៅពេលដែលពួកគេ (អេក្វាទ័រ) ក៏ទទួលបានកៅអី១ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយផងដែរ ដ្បិតបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ប្រចាំពូល B រង់ចាំប៉ះគូប្រកួតពីក្នុងពូល A ជាបន្តទៀត។

នៅរាត្រីថ្ងៃចន្ទ ឆ្លងចូលថ្ងៃអង្គារនេះដែរ ពូល A នឹងប្រកួតបញ្ចប់វគ្គសន្សំពិន្ទុរបស់ពួកគេ ដោយមានអាហ្សង់ទីនត្រូវប្រកួតបង្រ្គប់កិច្ចទល់នឹងបូលីវី គ្រាដែលអ៊ុយរ៉ាហ្គាយ ប៉ះប៉ារ៉ាហ្គាយ ដោយពូលនេះរកបាន ៤ក្រុមហើយឡើងទៅវគ្គបន្តរួមមាន អាហ្សង់ទីន ប៉ារ៉ាហ្គាយ ឈីលី និងអ៊ុយរ៉ាហ្គាយ ដោយមានបូលីវីហាលអាវ៕