(កូរ៉េ)៖ ជាដំណឹងមួយគួរឲ្យសាទរសម្រាប់ក្រុមចម្រៀង BTS ជាពិសេសអ្នកគាំទ្ររបស់ក្រុមនេះ ហាក់មានភាពរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា តារាចម្រៀងល្បីរបស់អង់គ្លេសគឺលោក Ed Sheeran នឹងបង្ហាញស្នាដៃក្នុងចម្រៀងថ្មីរបស់ក្រុមចម្រៀងល្បី BTS។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន K Star Live នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
ជាក់ស្តែង នៅថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះ ផលិតកម្មដែល BTS កំពុងជ្រកកោន គឺ HYBE បានបញ្ជាក់ជាផ្លូវការថា សិល្បៈតន្ត្រីដ៏ល្បីគឺ Ed Sheeran បានចូលរួមបញ្ចេញស្នាដៃក្នុងចម្រៀងថ្មីរបស់ BTS។ តែយ៉ាងណា BYBE មិនបានបញ្ជាក់ពីព័ត៌មានបន្ថែមនោះទេ អំពីការសហការគ្នាបញ្ចេញបទចម្រៀងនេះ ដោយអះអាងថា ពិបាកក្នុងការបកស្រាយ។
ទន្ទឹមនឹងការបញ្ជាក់របស់ផលិតកម្ម HYBE, តារាចម្រៀងល្បី Ed Sheeran ម្ចាស់បទ «Perfact» រូបនេះ បានបញ្ជាក់បន្ថែមជាមួយនឹងក្តីរីករាយ តាមរយៈការចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «Most Requested Live» យ៉ាងដូច្នេះថា លោកពិតជាសហការក្នុងបទចម្រៀងជាមួយ BTS មែន ដោយលោកជាអ្នកសរសេរចម្រៀងសម្រាប់បទថ្មីរបស់ក្រុម BTS។
ងាកមកអ្នកគាំទ្រវិញ បាននឹងកំពុងរង់ចាំបទចម្រៀងថ្មីរបស់ក្រុមនេះ ដែលនឹងត្រូវបញ្ចេញនៅថ្ងៃទី០៩ ខែកក្កដា ឆាប់ៗខាងមុខនេះ តែយ៉ាងណាគេមិនទាន់ប្រាកដទេថា តើស្នាដៃរបស់ Ed Sheeran គឺជាចម្រៀងដែលគ្រោងបញ្ចេញនេះឬយ៉ាងណា?