(ហ្លាស្កូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន បានឡើងទៅប៉ះគូប្រជែងញាក់សាច់តោកំណាចអង់គ្លេស ក្នុងវគ្ក ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Euro 2020 ជាបន្តទៀតនៅពេលទម្លាក់ស៊ុយអែតត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដោយលទ្ធផល ២-១ ក្នុងនាទីបន្ថែម ១៥នាទី ២ដង។
អ៊ុយក្រែន ជាក្រុមកូនពៅក្នុងការឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត ដែលត្រូវប៉ះតោកំណាចអង់គ្លេស ដែលបានទម្លាក់ក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ ២-០ ពីក្នុងវគ្គ ១/៨ ដូចគ្នានារាត្រីថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ មុនពេលជំនួបរវាងអ៊ុយក្រែន និងស៊ុយអែត ត្រូវធ្វើឡើងនៅនារាត្រីឈានចូលថ្ងៃពុធ ទី៣០ ខែមិថុនានៅឯកីឡដ្ឋាន Hampden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន។
កីឡាករ Zincheko ជាអ្នករកបានគ្រាប់នាំមុខឲ្យអ៊ុយក្រែន នៅនាទី២៧ តែត្រូវបាន Emil Forsberg រកបានគ្រាប់តាមស្មើឲ្យស៊ុយអែតវិញនៅនាទី៤៣ ចុងម៉ោងនៃវគ្គទី១ ដ្បិតការប្រកួតវគ្គទី២ ពុំមានការស៊ុតបញ្ចូលទីគ្នាទៀតនោះទេ និងត្រូវរង់ចាំរហូតដល់នាទីថែម ១៥នាទី ២ដងទើបកីឡាករ Dovbyk រកបានគ្រាប់ជ័យជម្នះតែម្តងនៅនាទី ១២០+១ នាំអ៊ុយក្រែនឡើងទៅប៉ះអង់គ្លេសតែឈរចាំស្រាប់។
គួរជម្រាបផងថា វគ្គ ៨ក្រុមចុងក្រោយត្រូវបានរកឃើញអស់ហើយដែលធ្វើឡើងនៅថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានប៊ែលហ្សិក ប៉ះអ៉ីតាលី, ដាណឺម៉ាក ប៉ះសាធារណរដ្ឋឆេក, អេស្ប៉ាញ ប៉ះស្វីស និងអង់គ្លេស ជួបអ៊ុយក្រែន៕








