(ក្រុងឡុងដ៍)៖ នៅទីបំផុតតោកំណាចអង់គ្លេស អាចកែប្រែប្រវត្តិសាស្រ្តបានវិញហើយនៅពេលយកឈ្នះអាល្លឹម៉ង់ក្នុងលទ្ធផលផ្លូវការ ២-០ ពីក្នុងការប្រកួតនៃកម្មវិធីធំៗ ក្រោយពេលរង់ចាំអស់រយៈពេល ៥៥ឆ្នាំមកនេះ។
អង់គ្លេស តែងតែចុកឈាមពេលប៉ះឥន្រ្ទីដែកអាល្លឺម៉ង់ក្នុងពានអឺរ៉ុប Euro នេះ និង FIFA World Cup ជាដើមគិតចាប់តាំអពីក្រោយពេលពួកគេឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក កាលឆ្នាំ១៩៦៦ មក និងឆ្លងមិនផុតវគ្គ ៨ក្រុមចុងក្រោយឡើយ នៅពេលប៉ះអាល្លឹម៉ង់។
គួររំលឹកផងថា អង់គ្លេសបានឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup 2018 នៅប្រទេសរុស្ស៊ី គ្រាដែលអាល្លឹម៉ង់ជ្រុះក្នុងពូល ពេលចាញ់កូរ៉េខាងត្បូង ២-០ នៅថ្ងៃប្រកួតចុងក្រោយរបស់ពួកគេ។
កីឡាករខ្សែប្រយុទ្ធ Raheem Sterling ជាអ្នករកបានគ្រាប់ទី១ ឲ្យអង់គ្លេសនៅនាទី៧៥ ពីការបង្កើតឱកាសរបស់ខ្សែការពារ Luke Shaw មុនពេលខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់ទី២ នៅ១១នាទីក្រោយមកពីការបញ្ជូនរបស់កីឡាករដែលទើបប្តូរចូល Jack Grealish នៅឯកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេសនៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់។
អង់គ្លេស ដែលមិនទាន់ស្គាល់រសជាតិពាន UEFA Euro រួមទាំងរងជើងឯកផងនោះ នឹងត្រូវគូប្រជែងអ៊ុយក្រែនក្នុងវគ្គ ៨ក្រុមចុងក្រោយនៅ Euro 2020 ជាបន្តទៀតដែលនឹងធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលីនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕