(អាមេរិក)៖ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Starlink បានថ្លែងឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានការរីកចម្រើនខ្លាំង ប៉ុន្តែ ដើម្បី រក្សា និងបន្តការរីកចម្រើនទៅមុខទៀតនោះ ក្រុមហ៊ុន Starlink ត្រូវបានប្រាក់វិនិយោគប្រមាណ ២០ ទៅ៣០ពាន់លានដុល្លារអាមេរិក បន្ថែម ទៀត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មហាសេដ្ឋីលំដាប់កំពូលរូបនេះ គ្រោង ពង្រីកការពង្រាយផ្ដាយរណប Starlink ទៅពាសពេញពិភពលោក ដើម្បីផ្ដល់សេវាកម្មអ៊ីនធើណែតក្នុងល្បឿនលឿន ជាមួយនឹងតម្លៃ សមរម្យ ខណៈដែលបច្ចុប្បន្ន Starlink បានសហការជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅតាមតំបន់នីមួយៗក្នុងការផ្ដល់សេវាកម្ម អ៊ីនធើណែត។
សហគ្រិនដ៏ល្បីរូបនេះ ក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុន Starlink ចំណាយប្រាក់វិនិយោគប្រមាណ ៥ ទៅ១០ពាន់លានដុល្លារ ដើម្បីដំណើរការ ហើយបច្ចុប្បន្ន ក្រុមហ៊ុន Starlink ក៏ទទួលបានជោគជ័យជាច្រើនផងដែរ ក្នុងការផ្ដល់សេវាកម្មអ៊ីនធើណែត ដោយ នៅខែសីហាខាងមុននេះ Starlink នឹងពង្រីកសេវាកម្មរបស់ខ្លួនឱ្យបានពាសពេញពិភពលោក លើកលែងតែតំបន់ប៉ូលខាងជើង និងត្បូង ប៉ុណ្ណោះ។
បើតាមរបាយការណ៍ បច្ចុប្បន្ននេះ ក្រុមហ៊ុន Starlink បានដាក់ពង្រាយផ្ដាយរណប ចំនួន ១៥០០ ដើម្បីផ្ដល់សេវាកម្មអ៊ីនធើណែត ដោយ ទទួលបានអតិថិជនប្រមាណ ៦៩០០០នាក់ ដោយរំពឹងថានឹងកើនឡើងរហូតដល់កន្លះលាននាក់នៅក្នុងរយៈពេល១២ខែខាងមុខទៀត។
លោក Elon Musk បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃនៃការប្រើប្រាស់អ៊ីនធើណែតតាមរយៈក្រុមហ៊ុន Starlink គឺមានតម្លៃមធ្យម ប៉ុន្តែលោក មាន គម្រោងបញ្ចុះមកនៅទាបបំផុតតាមតែអាចធ្វើទៅបាន បើសិនជាក្រុមហ៊ុនរបស់លោកបន្តរីកចម្រើន មិនបានក្ស័យធន៕