(ភ្នំពេញ)៖ អាចចាត់ទុកថា នេះជាដំណឹងដ៏ក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារញាតិមិត្តសាច់សាលោហិត របស់តារាចម្រៀងបែបយុវវ័យ កញ្ញា សេន យូរី ហៅយូរី ក៏ដូចជាអ្នកសិល្បៈរួមអាជីពទាំងអស់ ខណៈដែលទទួលបាននូវដំណឹងថា ម្ដាយបង្កើតរបស់តារាចម្រៀង រូបនេះ គឺអ្នកស្រី ចាន់ គង់ បានទទួលមរណភាពដោយសារជំងឺលើសឈាម និងទឹមនោមផ្អែមធ្ងន់ធ្ងរ នាវេលាម៉ោង៧៖៤៨ នាទីព្រឹកថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងវ័យ៦២ឆ្នាំ។

តារាចម្រៀងវ័យក្មេងយូរី បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ជាការពិតម្ដាយរបស់នាង ពិតជាបានទទួលមរណភាពមែន នៅថ្ងៃនេះដោយសារជំងឺលើសឈាម និងទឹកនោមផ្អែម ធ្វើឲ្យរូបនាង និងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ យ៉ាងធំធេងនៅពេលនេះ។ យូរី បន្តថា ជាមួយគ្នានេះ រូបនាងក៏សូមអភ័យទោសដល់ម្ចាស់កម្មវិធី មួយចំនួនដែលនាងបានលុបចោលភ្លាមៗ ដោយមិនបានប្រាប់ជាមុន ព្រោះតែមរណភាពរបស់ម្ដាយ និងសូមឲ្យម្ចាស់កម្មវិធីទាំងអស់មេត្តាយោគយល់ ដល់រូបនាងក្នុងកាលៈទេសៈនេះផងដែរ។

យ៉ាងណាមិញ តារាចម្រៀង យូរី បានតាំងចិត្តថា នឹងធ្វើខ្លួនជាមនុស្សរឹងមាំមើលថែលោកប៉ា ដែលនៅមានជីវិតឲ្យបានល្អ ជំនួសអ្នកម៉ាក់ដែលទទួលមរណាភាព ចាប់ពីថ្ងៃនេះទៅ។ យូរីចាត់ទុកថា ការទទួលមរណភាពរបស់ម្ដាយនាង គឺហាក់បីដូចជាលឿនពេក ស្ទើរតែមិនអាចទទួលយកបានឡើយ។

សូមបញ្ជាក់ថា សពរបស់អ្នកស្រី ចាន់ គង់ ម្ដាយបង្កើតតារាចម្រៀង យូរី កំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ស្ថិតក្នុងខេត្តបាត់ដំបង៕