(អង់គ្លេស)៖ ជ័យជម្នះរបស់ក្រុមបាល់ទាត់រវាងក្រុមជម្រើសជាតិអង់គ្លេស លើអាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១៖០០យប់ (ម៉ោងនៅកម្ពុជា) ក្នុងលទ្ធផល ២ទល់នឹង០ នៅព្រឹត្តិការណ៍ Euro 2020 នៃការឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះអង់គ្លេសបានរង់ចាំជ័យជម្នះ សម្រាប់ការប្រកួតធំបែបនេះ អស់រយៈពេល ៥៥ឆ្នាំ ទើបបានសម្រេច។

ប៉ុន្តែរឿងដែលអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍ខ្លាំងផងដែរនោះ គឺគេសង្កេតឃើញបុគ្គលល្បីៗជាច្រើនរូប បានទៅទស្សនាការប្រកួតនេះ។ ក្នុងនោះ គេក៏បានឃើញលោក Johnny Sins តារាសម្តែងភាពយន្តសិចសញ្ជាតិអាមេរិក ពាក់អាវជម្រើសជាតិអង់គ្លេស ទៅមើលការប្រកួតនេះដែរ។

បន្ថែមលើនេះ គេក៏បានឃើញ សែរាជវង្សរបស់ព្រះមហាក្សត្រនៃចក្រភពអង់គ្លេស គឺព្រះអង្គម្ចាស់ PRINCE William បានទៅទតការប្រកួតខាងលើដោយផ្ទាល់ទៀតផង ហើយនៅចុងបញ្ចប់ព្រះអង្គ បានលើកព្រះហស្ថទៅលើអាកាស បង្ហាញពីការអបអរសាទរ សម្រាប់ជ័យជម្នះដល់ក្រុមកីឡាកររួមជាតិរបស់ទ្រង់។

សូមជម្រាបដែរថា ក្រៅពីជក់ចិត្តក្នុងការទស្សនាគូពិសេស នៃការប្រកួតពានអឺរ៉ុប Euro ២០២០ រវាងក្រុមតោកំណាចអង់គ្លេស ជាមួយក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ កាលពីរាត្រីយប់មិញហើយនោះ មហាជនថែមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញសិល្បករល្បីៗឈ្មោះពីររូបអង្គុយជិត និងជជែកគ្នា អំឡុងពេលទស្សនាការប្រកួតរវាងគូខាងលើ គឺតារាចម្រៀង Ed Sheeran និងកីឡាករចូលនិវត្តន៍ និងជាតារាសម្តែង David Beckham៕