(អាហ្សាក់)៖ លោក Frank de Boer បានលាលែងពីតួនាទីអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ជាផ្លូវការហើយ បន្ទាប់ពីខកចិត្តក្រោមថ្វីជើងរបស់សាធារណរដ្ឋឆេក ក្នុងលទ្ធផល ២-០ ពីវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Euro 2020 កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។
បុរសវ័យ ៥១ឆ្នាំសញ្ជាតិហូឡង់ខាងលើនេះ ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមទឹកក្រូចហូឡង់កាលពីខែកញ្ញា ឆ្នាំ២០២០ ជំនួសតំណែងលោក Ronald Koeman ដែលបានលាឈប់ទៅដឹកក្លិបអាជីព FC Barcelona របស់អេស្ប៉ាញលេងនៅ La Liga។
ស្ថិតក្រោមការបង្វឹករបស់លោក Boer ហូឡង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ចេញពីពូល C នៃ Euro 2020 ដែលត្រូវប៉ះសាធារណរដ្ឋឆេកដែលជាក្រុមលេខ២ ចេញពីពូល D ជាមួយអង់គ្លេសសម្រាប់វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយដែលបានចាញ់ ២-០ នៅពេលសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៥៥ មក។
នៅក្នុងសេចក្តីថ្លែងការណ៍រវាងភាគីទាំងពីរបានបញ្ជាក់ថា «រវាងសហព័ន្ធបាល់ទាត់ហូឡង់ និងលោក Boer បានឯកភាពក្នុងការចែកផ្លូវគ្នាជាមួយលទ្ធផលមិនគាប់ប្រសើរ។ លោក Frank de Boer បានសមេ្រចចិត្តមិនបន្តតួនាទីនេះទៀតទេ ដ្បិតលោកមិនអាចនាំហូឡង់វគ្គ ៨ក្រុមបាន»។
នេះមានន័យថា លោក Frank de Boer បានក្លាយជាបុគ្គលទី២ ដើលបានលាឈប់ពីតំណែងគ្រូបង្វឹកជម្រើសជាតិនៅពេលបញ្ចប់ព្រឹត្តិការណ៍ជើងឯក Euro 2020 បន្ទាប់ពីលោក Joachim Loew បានធ្វើរឿងនេះមុនគេពី ១ប្រកួតចុងក្រោយរបស់លោក ពេលចាញ់ម្ចាស់ផ្ទះអង់គ្លេស ២-០ ក្នុងវគ្គ ១/៨ នេះដូចគ្នានៅទឹកដី Wembley៕