(ភ្នំពេញ)៖ JTI ដែលជាក្រុមហ៊ុនជប៉ុនលំដាប់អន្តរជាតិ បានប្រារព្ធខែមោទនភាព (Pride Month) ក្រោមប្រធានបទ «ឈរជាមួយគ្នា ឈរដោយមានមោទនភាព» ដើម្បីបង្ហាញជំហរគាំទ្រដល់បុគ្គលិក និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។

ថ្នាក់ដឹកនាំ និងបុគ្គលិក JTI ទូទាំងប្រទេសកម្ពុជា បានជួបជុំគ្នាតាមអនឡាញ ក្នុងខែមិថុនានេះ ដើម្បីអបអរខែមោទនភាព តាមរយៈការស្វែងយល់ និងពិភាក្សាគ្នា អំពីបញ្ហាប្រឈមរបស់អ្នកស្រលាញ់ភេទដូចគ្នា និងការបង្ហាញការតាំងចិត្តគំាទ្រទទួលស្គាល់ចំពោះសហគមន៍នេះផងដែរ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិតិ្តយសពីលោកស្រី ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម តំណាងឲ្យក្រសួងកិច្ចការនារី។ លោកស្រី បានកោតសរសើរថា JTI ពិតជាក្រុមហ៊ុនគំរូមួយ ក្នុងការចូលរួមចំណែកបង្កើតបរិយាកាសការងារប្រសើរ សម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។ លោកស្រី បានបន្តថា JTI កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសមភាពយេនឌ័រ។

បន្ទាប់ពីកិច្ចពិភាក្សានេះ បុគ្គលិកជាច្រើននាក់ បានប្រកាសថាពួកគាត់គឺសម្ព័ន្ធមិត្ត (Ally) គាំទ្រដល់អ្នកស្រលាញ់ភេទដូចគ្នា ហើយបុគ្គលិកជាច្រើនផ្សេងទៀត ក៏បានបង្ហោះលើបណ្តាញសង្គម នូវរូបខ្លួនឯងជាមួយកន្សែងមោទនភាព ហើយសរសេរសារគំាទ្រដល់អ្នកស្រលាញ់ភេទដូចគ្នា។

អ្នកនាង ភឿត អំពី ដែលជាបុគ្គលិក JTI បានសរសេរបង្ហោះលើហ្វេសប៊ុកថា៖ «ខ្ញុំគឺជាសម្ព័ន្ធមិត្តគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា។ ខ្ញុំជឿថា គ្រប់មនុស្សទាំងអស់ គួរទទួលបានការគោរពស្មើៗគ្នា ដោយមិនប្រកាន់និន្នាភេទនោះឡើយ»

អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា លោក រ៉យ ម៉ាណាលីលី (Roy Manalili) បានថ្លែងទៅកាន់បុគ្គលិកក្នុងកម្មវិធីអបអរខែមោទនភាពថា៖ «ក្រុមហ៊ុនយើង គាំទ្រដល់អ្នកស្រលាញ់ភេទដូចគ្នា ដោយសារនេះគឺជាទង្វើត្រឹមត្រូវដែលយើងគួរធ្វើ។ យើងគួរបង្ហាញការគោរព មេត្តាធម៌ និងការទទួលស្គាល់ដល់ពួកគាត់។ ខ្ញុំជឿថា នៅពេលបុគ្គលិកគាត់មានសេរីភាពពេញលេញ ក្នុងការបង្ហាញភាពជាខ្លួនឯងនៅកន្លែងធ្វើការ នោះគាត់អាចបំពេញការងារបានប្រសើរ។ ពេលនោះ អាជីវកម្មក៏នឹងរីកចម្រើនទៅតាមនោះដែរ»

JTI ជាក្រុមហ៊ុនដំបូង បានប្រកាសបង្កើត Pride Chapter ដែលអាចឲ្យបុគ្គលិកដែលកំណត់ខ្លួនឯងជាអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកគាំទ្រ អាចជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនដោយផ្ទាល់ អំពីការអភិវឌ្ឍអាជីព ឬបញ្ហាផ្សេងៗ។

JTI ក៏ជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតគោលការណ៍ភាពចម្រុះ និងរួមបញ្ចូល ដូចជាសមភាពយេនឌ័រ និង LGBT+ Inclusion នៅកន្លែងការងារ សំដៅដល់ការលើកទឹកចិត្ត និងគំាទ្រយេនឌ័រ ក្នុងន័យលើកស្ទួយឲ្យមានភាពស្មើគ្នា និងកាត់បន្ថយនូវការរើសអើង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគោលការណ៍ឈប់សម្រាកគ្រួសារ ចំនួន ២០សប្តាហ៍ (៥ខែ) សម្រាប់លំហែមាតុភាព និងបិតុភាព ដោយទទួលបានប្រាក់បៀរវត្សពេញ សម្រាប់បុគ្គលិកទាំងអស់ ដោយមិនប្រកាន់យេនឌ័រ រួមទាំងបុគ្គលិកជាអ្នកស្រលាញ់ភេទដូចគ្នាផងដែរ៕