(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម Twitter បានប្រកាសតែងតាំងនាយកគ្រប់គ្រងផ្នែកអតិថិជនថ្មី ដើម្បីពង្រីក និងពង្រឹងការរកប្រាក់ចំណូលឲ្យបានទៅតាមផែនការដែលបានកំណត់នៅឆ្នាំ២០២៣។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Sarah Personette ត្រូវបានជ្រើសរើសជាប្រធានគ្រប់គ្រងផ្នែកអតិថិជន (CCO) ដែលកន្លងមកលោកស្រីគឺជាអនុប្រធានគ្រប់គ្រង និងដោះស្រាយទំនាស់សកល។

បើយោងតាមការបញ្ជាក់ លោកស្រី Personette នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី០១ ខែសីហាខាងមុខនេះ ដោយលោក Matt Derella បច្ចុប្បន្នទទួលបន្ទុកផ្នែកទំនាក់ទំនងអតិថិជននឹងត្រូវឈប់ពីតំណេងក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបម្រើការងារអស់រយៈ៩ឆ្នាំ។

ក្រុមហ៊ុន Twitter បានប្រកាសថា ខ្លួននឹងបង្កើនប្រាក់ចំណូលឲ្យបានទ្វេដងនៅក្នុងឆ្នាំ២០២៣ ដោយប្រាក់ចំណូលទាំងនោះនឹងត្រូវបានមកតាមរយៈការផ្សព្វផ្សាយពាណិជ្ជ ដូច្នេះហើយទើបក្រុមហ៊ុនជ្រើសរើសលោកស្រី Personette ឲ្យកាន់តំណែងនេះ ដើម្បីពង្រីង និងពង្រឹងទីផ្សារផ្នែកផ្សព្វផ្សាយពាណិជ្ជ។

លោកស្រី Personette ត្រូវបានគេដឹងថា ជាបុគ្គលមួយរូបដែលបានស្គាល់ទីផ្សារមួយនេះច្បាស់ ជាពិសេសគឺលោកស្រីមានទំនាក់ទំនងល្អជាមួយនឹងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជធំ៕