(ប៉េកាំង)៖ ភាពយន្តរឿង «អ្នកយាមការពារកោះ» បង្ហាញពីព្រឹត្តិការណ៍ពិតមួយដែលលោក Wang Jicai និងប្រពន្ធគាត់ឈ្មោះ Wang Shihua បាននៅយាម ការពារកោះ Kaishan រយៈពេល ៣២ឆ្នាំ។
កោះ Kaishan ស្ថិតនៅសមុទ្រលឿងរបស់ប្រទេសចិនដែលមានផ្ទៃដីត្រឹមតែ ០.០១៣ គីឡូម៉ែត្រការ៉េ ស្មើនឹងទំហំនៃតារាងបាល់ទាត់ចំនួន២ លក្ខខណ្ឌរស់នៅនៅលើ កោះ Kaishan គឺលំបាកខ្លាំងណាស់។ នៅឆ្នាំ ១៩៨៦ លោក Wang Jicai ដែលមានអាយុ ២៦ឆ្នាំបានលាក់បាំងប្រពន្ធរបស់គាត់ ដោយទទួលយកនូវភារកិច្ចដ៏សំខាន់នៃ «ការយាមការពារកោះ» ដែលចាត់តាំងដោយអង្គការ។ បន្ទាប់ពីបានដឹងការពិត ប្រពន្ធរបស់គាត់បានលាឈប់ពីការងារនៅសាលារៀនហើយបានធ្វើដំណើរទៅជាមួយប្តី ដើម្បីការពារកោះនេះ។ «បងយាមការពារកោះនេះ ខ្ញុំនៅថែទាំបង» ប្រពន្ធគាត់បានប្រាប់គាត់បែបនេះ។
ជីវភាពរស់នៅលើកោះនេះគឺសាមញ្ញណាស់ ប៉ុន្តែលោក Wang Jicai និងប្រពន្ធគាត់នៅតែបង្ហូតទង់ជាតិ ច្រៀងចម្រៀងជាតិ ដើរល្បាតលើកោះជារៀងរាល់ថ្ងៃ ការពារស្លាកសញ្ញានាវាចរណ៍និងសរសេរកំណត់ត្រាប្រចាំថ្ងៃ ។
នៅពេលដែលនាវាឆ្លងកាត់មើលមិនឃើញប៉មភ្លើងហ្វារ គាត់និងប្រពន្ធគាត់ខំប្រឹងវាយប៉ោតដើម្បីរំលឹកពួកនាវិក។ ក្នុងរយៈពេល ៣២ឆ្នាំ លោក Wang Jicai ធ្លាប់ជួយសង្គ្រោះយុវជនធ្លាក់ទឹកយ៉ាងក្លាហានបង្ក្រាបអ្នករត់ពន្ធនិងជួយប្រពន្ធគាត់សម្រាលកូនក្នុងពេលមានព្យុះភ្លៀង។
ទន្ទឹមនឹងនេះគាត់មិនបានចូលរួមបុណ្យសព ឪពុករបស់ខ្លួន និងបានរងការគំរាមកំហែងនិងវាយដំពីក្រុមអ្នករត់ពន្ធ។ រឿងរ៉ាវជាច្រើនបង្ហាញថាប្តីប្រពន្ធមួយគូនេះបានយាមការពារកោះ យ៉ាងលំបាកលំបិន។
លោក Wang Jicai ធ្លាប់និយាយថា «ការការពារកោះគឺការពារគ្រួសាររបស់ខ្ញុំខ្លួនឯង»។ លោកជឿជាក់ថាសុភមង្គលផ្ទាល់ខ្លួន សុភមង្គលគ្រួសារ និងសន្តិសុខជាតិ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ លោក Wang Jicai បានធ្វើជាគំរូសម្រាប់យើង ការការពារកោះពេញមួយជីវិតរបស់គាត់បានបង្ហាញឱ្យយើងដឹងថា អ្វីទៅដែលមនុស្សយើងគួរប្រកាន់ខ្ជាប់? ហើយត្រូវប្រកាន់ខ្ជាប់យ៉ាងដូចម្តេច៕