(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តជំនួសលោក អ៊ុក សិទ្ធិជាតិ បន្ទាប់ពីប្រធានសហព័ន្ធអាណត្តិចាស់នេះ បានសុំលាលែងពីតំណែង។ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនសហព័ន្ធថ្មីនេះបានធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញ និងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៣០ ខែមិថុនានេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្រោយទទួលបានការគាំទ្រធ្វើជាប្រធានសហព័ន្ធ លោក សំហេង បុរស បានសម្ដែងក្ដីរីករាយដែលសមាជិកប្រតិបត្តិសហព័ន្ធបានផ្ដល់សេចក្ដីទុកចិត្ត និងគាំទ្ររូបលោក ហើយលោកក៏បានប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាអាទិភាពមួយនេះឲ្យកាន់តែរីកចម្រើន ក្រោមស្មារតីធ្លុងតែមួយបន្ដពីថ្នាក់ដឹកនាំសហព័ន្ធមុនៗ ពិសេសការបណ្ដុះបណ្ដាល និងផលិតនូវធនធានកីឡាករ-កីឡាការិនី ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបន្ដថា «ប្រសិនបើយើងទទួលជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នោះគឺឆ្លុះបញ្ចាំងនូវការដឹកនាំការងាររបស់យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវយករយៈពេលឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងនៅសល់ពេលប្រមាណ ២ឆ្នាំប៉ុណ្ណោះ គឺជាគោលដៅសំខាន់ ក្នុងការកសាងធនធានមនុស្សឲ្យប្រជែងមេដាយ ហើយខ្ញុំមានសំណូមពរខ្ពស់បន្តិចដល់សមាគម-ក្លឹបទូទាំងប្រទេស ដើម្បីស្ថាបនាជើងឯក ពីការស្ថាបនាជើងឯក ដែលត្រូវការពេល ១០ឆ្នាំមកសល់ត្រឹម ២ឆ្នាំសម្រាប់ទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាយើង»។
លោក ហ៊ុន បុរី អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ក្នុងទិសដៅឆ្នាំ២០២១ និងឆ្នាំបន្ទាប់ សហព័ន្ធកំពុងត្រៀមបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ១៥នាក់ ទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងបញ្ជូនកីឡាករម្នាក់ ទៅចូលរួមប្រកួតកីឡាអូឡាំពិកហ្គេម នៅទីក្រុងតូក្យ ប្រទេសជប៉ុននាខែកក្កដាខាងមុខ ពិសេសគឺដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។
គួរបញ្ជាក់ថា សម្រាប់អាណត្តិទី៧ របស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដែលដឹកនាំបន្ដដោយលោក សំហេង បុរស គឺមានអនុប្រធាន ២រូប រួមមានលោក ផៃ សុខខេង និងលោក ដាំ ភិរម្យ ព្រមទាំងសមាជិកចំនួន ១០រូបផ្សេងទៀតផងដែរ៕