(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ទើបតែប្រកាសបង្ហាញប្រព័ន្ធដំណើរការ HarmonyOS ជាផ្លូវ ការ កាលពីថ្មីៗនេះ បន្ទាប់ពីអាមេរិក និង Google ដាក់សម្ពាធមិនអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Android OS។ ឥឡូវនេះ មានក្រុមហ៊ុនផលិតទូរស័ព្ទដៃ និងស្មាតហ្វូនដ៏ចំណាស់មួយបានចាប់អារម្មណ៍ចង់ចូលខ្លួនមកប្រើប្រព័ន្ធដំណើរការ HarmonyOS។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Nokia នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេ (ដក Huawei ចេញ) ដែលប្រើប្រាស់ប្រព័ន្ធដំណើរកា HarmonyOS របស់ក្រុមហ៊ុន Huawei។
ប្រភពពីខាងប្រទេសចិនបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Nokia គ្រោងនឹងចេញស្មាតហ្វូនម៉ូដែលថ្មី Nokia X60 និង X60 Pro ដោយប្រើប្រាស់ប្រព័ន្ធដំណើរការ HarmonyOS ប៉ុន្តែម៉ូដែលនេះ អាចនឹងដាក់ឱ្យប្រើ ឬមានលក់តែនៅក្នុងប្រទេសចិន មួយប៉ុណ្ណោះ នាពេលចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ ហើយអាចនឹងមានលក់នៅលើពិភពលោកសម្រាប់រយៈពេលបន្ទាប់។
ពាក់ព័ន្ធនឹងម៉ូដែល Nokia X60 និង X60 Pro ពុំទាន់មានព័ត៌មានបែកធ្លាយណាមួយបង្ហាញពីលក្ខណៈសម្បត្តិរបស់ ស្មាតហ្វូនទាំងពីរនេះឡើយ ប៉ុន្តែគេដឹងថា វានឹងបំពាក់កាមេរ៉ាទំហំ ២០០មេហ្គាភិចសែល។
គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលរងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ក្រុមហ៊ុន Huawei បានបង្កើត ប្រព័ន្ធដំណើរការ HarmonyOS ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះនៃអ្នកប្រើប្រាស់ និងទីផ្សារលក់ ជាពិសេសគឺ ដើម្បី បង្កើតដែនអាណាចក្រថ្មីមួយសម្រាប់ខ្លួន ខណៈដែលនៅពេលនេះ នៅលើកម្មវិធី AppGallery (Store) មានកម្មវិធី និងហ្គេម ជាច្រើន មិនចាញ់ App Store និង Play Store ឡើយ៕