(តូរីន)៖ ក្លិបបាល់ទាត់អាជីព Juventus បានបង្ហាញពីទិន្នន័យខាតបង់ទឹកប្រាក់ប្រមាណ ២៧៥លានផោន ដែលស្មើនឹង ៣៨០លានដុល្លារ ដែលបណ្តាលមកពីជំងឹ COVID-19 និងត្រៀមលក់ភាគហ៊ុនមួយចំនួនចេញផងដែរ ដើម្បីសង្រ្គោះហិរញ្ញវត្ថុក្នុងក្លិប។
Juve បានខកខានឈ្នះជើងឯកលីគកំពូលអ៉ីតាលី Serie A នារដូវកាល ២០២០-២០២១ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១២ មក ហើយក៏កំពុងមានក្តីក្លាំជាមួយសហព័ន្ធ UEFA ផងដែរជុំវិញគម្រោងបង្កើតពានអឺរ៉ុបថ្មី Super League ទៀតនោះ បន្ថែមលើពានបច្ចុប្បន្នដែលមានស្រាប់ Champions League និង Europa League ដែលត្រូវបានបង្កើតឡើងដោយសហព័ន្ធខាងលើ។
ដូចគ្នានោះដែរ សំណួរជាច្រើនត្រូវបានចោទសួរនៅក្រោយពេលក្រុមសេះបង្កង់មួយចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការទិញ Cristiano Ronaldo ពីក្លិប Real Madrid កាលឆ្នាំ២០១៨ ក្នុងតម្លៃ ៩៩.២លានផោនថ្លៃជាងគេកប់ពពកនៅ Serie A ក្នុងគោលបំណងជួយ Juventus ឈ្នះជើងឯក UEFA Champions League ត្រឡប់មកវិញ ដែលពួកគេបានរង់ចាំជាយូរមកហើយ តែលទ្ធផលផ្ទុយពីការគិតស្រឡះ។
ភ្លាមៗនោះដែរ Juventus ក៏បានបញ្ជាក់ថា លោក Maurizio Arrivabene នឹងវិលមកគ្រប់គ្រងផ្នែកអាជីវកម្មបាល់ទាត់របស់ក្លិបវិញ ដែលបច្ចុប្បន្ននេះត្រូវបានកាន់កាប់ដោយលោក Fabio Paratici ដែលបានលាឈប់នាកាលពីខែឧសភា ឆ្នាំ២០២១ ទៅធ្វើជានាយកកីឡារបស់ក្លិបអង់គ្លេស Tottenham Hotspur៕