(អាមេរិក)៖ ខ្សែភាពយន្តថ្មី សម្តែងនិងចូលរួមផលិត ដោយកំពូលតារាហូលីវូដ Chris Pratt មានចំណងជើងថា «The Tomorrow War» ត្រូវបានរាយការណ៍មកថា រកចំណូលបាន ២០០លានដុល្លារអាមេរិកបាត់ទៅហើយ ត្បិតមិនបានចាក់បញ្ចាំងតាមរោងកុនក្តី ខណៈចំណូលនេះ គឺតាមរយៈការលក់សិទ្ធបញ្ចាំងលើអនឡាញផ្តាច់មុខ ទៅឲ្យក្រុមហ៊ុន Amazon។ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

ខ្សែភាពយន្តថ្មី ជាស្នាដៃសម្តែងដោយ Chris Pratt ចំណងជើងថា «The Tomorrow War» នេះ គឺនិយាយពីពួកមនុស្សភពផ្កាយរៀបគម្រោងបំផ្លាញពិភពលោក ហើយក៏មានក្រុមអ្នកសង្គ្រោះពិភពលោក បានធ្វើដំណើរឆ្លងអនាគត ដើម្បីច្បាំងក្នុងសង្គ្រាមនៅរយៈពេល៣០ឆ្នាំខាងមុខនេះ។ រឿងមួយនេះ មិនបានចាក់បញ្ចាំងក្នុងរោងកុនទេ ដោយសារតែបញ្ហាកូវីដ-១៩ ក៏ប៉ុន្តែវាអាចរកចំណូល រហូតដល់២០០លានដុល្លារអាមេរិក ក្រោយពីបានលក់សិទ្ធចាក់បញ្ចាំងលើអនឡាញ ឲ្យក្រុមហ៊ុន Amazon។

គួរជម្រាបថា «The Tomorrow War» ជាស្នាដៃថ្មីរបស់តារាសម្ដែង Chris Pratt (គ្រីស ផ្រេត) ដែលទស្សនិកជនភាគច្រើនធ្លាប់បានស្គាល់ តាមរយៈភាពយន្តសួនដាយណូស័រ «Jurassic Park» នោះ នឹងត្រូវចាក់បញ្ចាំងលើសេវាកម្ម Streaming តាមអនឡាណរបស់ក្រុមហ៊ុន Amazon នៅថ្ងៃទី០២ ខែកក្កដា ខាងមុខនេះ៕