(កូរ៉េ)៖ ផលិតកម្ម YG Entertainment ជាជម្រករបស់តារាចម្រៀង Jennie សមាជិក BLACKPINK បានប្រកាសថា បទចម្រៀងទោលរបស់ Jennie ចំណងជើងថា «SOLO» មានចំនួនអ្នកស្ទ្រីម (Streams) ច្រើនជាង៣០០លានដង នៅលើកម្មវិធី Spotify ដែលនាំឲ្យតារាស្រីរូបនេះ ក្លាយជាតារាកូរ៉េទោលដំបូង អាចបង្កើតស្នាដៃដ៏អស្ចារ្យបែបនេះ ក្នុងកកម្មវិធី Spotify។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន K Star Live នៅថ្ងៃទញី០១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា បទ «Solo» របស់ Jennie កើនចំនួនអ្នកស្ទ្រីម ច្រើនជាង៣០០លានដង នៅលើកម្មវិធី Spotify ដែលនេះជាលើកទី១ហើយ សម្រាប់តារាចម្រៀងទោល ជនជាតិកូរ៉េ ទទួលបានអ្នកទស្សនាច្រើនបែបនេះ។ សមិទ្ធផលនេះបានធ្វើឲ្យ Jennie វ៉ាដាច់ បទ «Gangnam Style» របស់ Psy កាលពីខែតុលា ហើយក្លាយជាបទ ដែលទទួលបានការគាំទ្រច្រើនជាងគេ ពីសំណាក់តារាចម្រៀងទោលជនជាតិកូរ៉េ។
គួរបញ្ជាក់ថា បទ «SOLO» របស់តារាស្រីទឹកមុខសិចស៊ី Jennie បានបញ្ចេញកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ ខណៈស្នាដៃមួយនេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទូទាំងពិភពលោក។ បន្ថែមពីលើសមិទ្ធផលទោលនេះ ងាកមកក្រុម BLACKPINK ក៏បានចាប់ផ្តើម គម្រោង ៤+១ PROJECT របស់ពួកគេ ដើម្បីអបអរខួបលើកទី ៥ របស់ពួកគេផងដែរ៕