(អាមេរិក)៖ ក្រុមហ៊ុន WhatsApp បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារលុបសារ ដោយស្វ័យប្រវត្តិក្រោយពេលផ្ញើរួច ក្នុងរយៈពេល៧ថ្ងៃ ប៉ុន្តែនៅពេលនេះ មានព័ត៌មានថ្មីបានរាយការណ៍មកថា នឹងមានមុខងារថ្មីសំខាន់ មួយទៀត នឹង ដាក់ឱ្យប្រើក្នុងពេលឆាប់ៗនេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា WhatsApp នឹងដាក់ឱ្យប្រើមុខងារថ្មីមួយទៀតដែលមានឈ្មោះថា «View Once» ដែលមុខងារនេះ អនុញ្ញាតឱ្យ អ្នក ប្រើប្រាស់ផ្ញើសារជារូបភាព វីដេអូ អក្សរ ដែលគិតថាជាសារសំខាន់ៗ ព្រោះរាល់សារទាំងអស់នឹងត្រូវលុបចោល ភ្លាមៗ បន្ទាប់ពីអ្នកទទួលបានអាន ឬមើលម្ដង។
លើសពីនេះ គឺ WhatsApp មិនបានបង្ហាញសារនោះនៅលើអេក្រង់ទូរស័ព្ទឡើយ គ្រាន់តែបង្ហាញប្រាប់ថាមានសារថ្មី ផ្ញើ ចូលមក។ មុខងារ «View Once» នេះផងដែរ អាចធ្វើការផ្ញើសារបានជាលក្ខណៈបុគ្គល និងគ្រុប ដោយអ្នកផ្ញើគ្រាន់តែ ចុចលើប៊ូតុងមុខងារ «View Once» បន្ទាប់មកធ្វើការផ្ញើសារជាការស្រេច។
យោងតាមប្រភពខាងលើបានឱ្យដឹងថា មុខងារនេះត្រូវបាន WhatsApp ដាក់ឱ្យប្រើជាលក្ខណៈសាកល្បង ជាមួយនឹង ជំនាន់ WhatsApp ជំនាន់ថ្មីនៅលើ Android (2.21.14.3) ៕