(ភ្នំពេញ)៖ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញ បន្ទាប់ពីធ្វើការជួសជុល និងផ្លាស់ប្ដូរស្មៅថ្មី កាលពីដើមខែកុម្ភៈកន្លងទៅ ដើម្បីត្រៀមបើកទ្វារផ្ទះទទួលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាឡើងវិញនាខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

លោក ខូវ ឆាយ បានឲ្យដឹងថា ការជួសជុលកីឡដ្ឋានស្ដាតចាស់ក្នុងដំណាក់កាលទី១ មកទល់ពេលនេះ គឺបានដំណើរការយ៉ាងរលូន ជាក់ស្ដែងការផ្លាស់ប្ដូរស្មៅសិប្បនិម្មិតនៅក្រោយទីលានទាំងសងខាង គឺបានរួចរាល់ និងបានប្រើប្រាស់រយៈពេល ១ខែមកហើយ។ រីឯការធ្វើគ្រឹះ ឬប្រព័ន្ធរំដោះទឹកក្នុងទីលានក៏រួចរាល់ដែរ នៅឡើយតែស្មៅធម្មជាតិនៃទីលានប្រកួតប៉ុណ្ណោះ ដែលត្រូវការពេល ១ខែទៀត ដើម្បីដុះពេញ និងអាចប្រកួតបាន។

លោកបានបន្ដថា «ចំពោះស្មៅធម្មជាតិ មកទល់ពេលនេះ យើងសម្រេចបាន ៧០% ហើយ បានន័យថា ការធ្វើគ្រឹះ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ គឺរួចរាល់ហើយ ហើយការដាំស្មៅ ឥឡូវក៏រួចរាល់ដែរ តែយើងនៅរង់ចាំការវិវត្តន៍នៃស្មៅដែលឥឡូវយើងឃើញថា ស្មៅដុះបានប្រហែលជាង ៧០% ហើយតាមផែនការក្នុងរយៈពេល ១ខែទៀត ស្មៅនឹងដុះពេញទាំងស្រុង ហើយអាចប្រើប្រាស់សម្រាប់ហ្វឹកហាត់ និងការប្រកួតបាន»។

ពាក់ព័ន្ធនឹងការបើកឲ្យដំណើរការហ្វឹកហាត់ ក៏ដូចជារៀបចំការប្រកួតឡើងវិញ លោក ខូវ ឆាយ បានបញ្ជាក់បន្ថែមថា «ដូចអ្វីដែលយើងបានធ្វើផែនការកន្លងមក គឺយើងនឹងប្រើប្រាស់ទីលានថ្មីរបស់យើងនេះ នៅក្នុងការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ដោយការប្រកួតជើងទី១ ក្នុងជុំទី២ គឺនៅក្នុងខែសីហាខាងមុខ ចឹងពេលបើកការប្រកួតជុំទី២ យើងនឹងបើកកីឡដ្ឋានរបស់យើងរៀបចំធ្វើម្ចាស់ផ្ទះតែម្ដង»។

លោក ខូវ ឆាយ ធ្លាប់បានលើកឡើងថា បន្ទាប់ពីបញ្ចប់ការជួសជុលដំណាក់កាលទី១ ដែលគ្រោងចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ថ្នាក់ដឹកនាំក្រុមកងយោធពលខេមរភូមិន្ទ គ្រោងចំណាយថវិកា ១លានដុល្លារទៀត ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជុំវិញកីឡដ្ឋានស្ដាតចាស់ ពិសេសផែនការវ៉ៃកន្លែងអង្គុយ និងវេទិកាចាស់ចោល ហើយសាងសង់ថ្មីឡើងវិញ ដោយដំណាក់កាលទី២ នេះ គ្រោងចាប់ផ្ដើមជួសជុលនាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខ៕