(ភ្នំពេញ)៖ ក្រុមបាតតារាងសូលទីឡូអង្គរ បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក Darren Pomroy ហៅ Charlie ហើយ បន្ទាប់ពីលោកបានដឹកនាំក្រុមបរាជ័យ ៥ប្រកួតជាប់គ្នានាដើមរដូវកាលឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។
ជាមួយការចែកផ្លូវគ្នាពាក់កណ្ដាលផ្លូវខាងលើនេះ លោក Charlie បានសម្ដែងការសោកស្ដាយ និងខកចិត្តជាខ្លាំងក្រោយការចាប់ផ្ដើមមិនបានល្អ ក្នុងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ បន្ទាប់ពីលោកបានធ្វើការអស់រយៈពេល ៨ខែ និងបានដឹកនាំការប្រកួតផ្លូវការចំនួន ៥លើកកន្លងមក។
បុរសសញ្ជាតិអង់គ្លេសរូបនេះបានបញ្ជាក់ថា «វាគឺជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់ខ្ញុំ និងខកចិត្តជាខ្លាំងចំពោះរឿងនេះ នៅពេលពួកយើងមិនទទួលបានលទ្ធផលល្អ។ អ្វីៗត្រូវបានផ្លាស់ប្តូរចាប់ពីដើមរដូវកាលរហូតឈានដល់ការបែកបាក់ ដ្បិតក្លិបមួយនេះ ផ្តោតសំខាន់លើការបណ្តុះបណ្តាលយុវជនថ្នាល និងការអភិវឌ្ឍន៍របស់ក្លិបជាចាំបាច់»។
គ្រូបង្វឹកកាន់សញ្ញាបត្រ UEFA A-License ដដែលបន្ដថា «កាលពីដើមខែមិថុនាយើងបានជួប និងពិភាក្សាអំពីអនាគតនៅទីនេះទៀត។ បន្ថែមលើនេះទៀត ខ្ញុំក៏ដឹកនាំការប្រកួតមិត្តភាពមួយកាលពីខែមុន (ខែឧសភា) ដោយឈ្នះ ៣-១ មុនពេល ៣ថ្ងៃ នៃការវិលមកលេងពានលីគកំពូលកម្ពុជាវិញ ពួកគេក៏បានឈានដល់កិច្ចព្រមព្រៀងចែកផ្លូវតែម្ដង»។
បច្ចុប្បន្នក្រុមសូលទីឡូអង្គរ នៅមិនទាន់មានពិន្ទុរាប់នោះទេ បន្ទាប់ពីរងបរាជ័យ ៥ប្រកួតផ្ទួនៗក្រោមការដឹកនាំរបស់លោក Charlie រួមមានចាញ់ក្រុមភ្នំពេញក្រោម ៧-១, ចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ៣-០, ចាញ់ខេត្តព្រៃវែង ៦-០, ចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ និងចាញ់ក្រុមបឹងកេត ៣-០។ ចំពោះប្រកួតបន្ទាប់ សូលទីឡូអង្គរគ្រោងជួបក្រុមនគរបាលជាតិនាថ្ងៃទី០៣ ខែកក្កដាចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប៕