(សានភីធើស្ពើក)៖ ជំនួបចាញ់-ធ្លាក់បានបន្តឈានចូលដល់វគ្គ ៨ក្រុមចុងក្រោយហើយនារាត្រីនេះ នៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Championship 2020 គ្រាដែលនៅសល់តែ ៧ប្រកួតទៀតប៉ុណ្ណោះ រួមទាំងវគ្គផ្តាច់ព្រ័ត្រនឹងបញ្ចប់យុទ្ធនាការ ៤ឆ្នាំម្តងនេះ។
*គូទី១៖ អេស្ប៉ាញ ប៉ះស្វីស ចាប់ផ្តើមនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ពីការប្រកួតបើកឆាកវគ្គ ៨ក្រុមចុងក្រោយនៅ Euro 2020 ដែលធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។
*គូទី២៖ ប៊ែលហ្សិក ប៉ះអ៉ីតាលី ចាប់ផ្តើមនាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទីសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ ដែលធ្វើឡើងនៅកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
នៅចាំបានថា ស្វីសជាក្រុមដែលបានទម្លាក់ម្ចាស់ជើងឯក FIFA World Cup 2018 បារាំងនៅវគ្គ ១៦ក្រុមចុងក្រោយដោយបាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីឡើងមកប៉ះអេស្ប៉ាញដែលបានទម្លាក់ក្រូអាត ៥-៣ ក្នុងនាទីបន្ថែម ១៥នាទី ២ដង នៅពេលដែលប៊ែលហ្សិក បានទម្លាក់ក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ក្នុងលទ្ធផល ១-០ ក្រោយពេលអ៉ីតាលី ទម្លាក់អូទ្រីសក្នុង ១៥នាទី ២ដងដោយលទ្ធផល ២-១ ផងដែរ៕