(តូក្យូ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 បានប្រជុំសម្រេចអនុញ្ញាតឲ្យអត្តពលិកនារីអាចយកកូនតូចៗទៅជាមួយបាន ដ្បិតពួកគេមានកូននៅបៅនៅឡើយ។
សេចក្តីសម្រេចដ៏ស្រួចស្រាលនេះត្រូវបានធ្វើឡើង បន្ទាប់ពីកីឡាការិនីបាល់បោះកាណាដា នាង Kim Gaucher ត្រូវបានហាមឃាត់មិនឲ្យយកកូនដែលទើបសម្រាលបាន ៣ខែទៅជាមួយឡើយក្នុងការប្រកួតកីឡាចម្រុះនេះដូចគ្នានាពេលកន្លងមក។ លើសពីនេះទៀត នាងក៏ត្រូវគេបង្ខំឲ្យជ្រើសរើស១ រវាងនៅមើលថែកូន ឬក៏ទៅបំពេញកាតព្វកិច្ចលេងនៅអូឡាំពិកថែមទៀតផង។
តែយ៉ាងណា គណៈកម្មការរៀបចំ Tokyo Olympics ជប៉ុនក៏មិនអនុញ្ញាតឲ្យមានអ្នកគាំទ្រជាលក្ខណៈគ្រួសារមកចូលរួមនោះទេ ដើម្បីបញ្រ្ចៀសហានិភ័យជំងឺ COVID-19 រីករាលកាន់តែខ្លាំងថែមទៀត គ្រាដែលកីឡាការិនីបាល់ទាត់ឆ្នើមរបស់អាមេរិក Alex Morgan នៅស្រពេចស្រពិលពីពិធីសារថ្មីនេះនៅឡើយ។
ម្ចាស់មេដាយមាសកីឡាអូឡាំពិកខាងលើនេះ ដែលទើបមានកូនអាយុ ១ឆ្នាំផងនោះបានសរសេរបង្ហោះនៅលើ Twitter របស់ខ្លួនដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «គិតមកទល់ពេលនេះ នៅតែមិនច្បាស់ពីការចូលរួម Olympics នៅជប៉ុនទេ»។
គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍អូឡាំពិក រដូវក្តៅឆ្នាំ២០២០ នឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែកក្កដា ដែលមានអ្នកគាំទ្រជាជនជាតិជប៉ុនចាប់ពី ១០,០០០នាក់ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងទីលាន គ្រាដែលអ្នកគាំទ្រជនបរទេសត្រូវបានហាមឃាត់៕