(ភ្នំពេញ)៖ Starbucks បានប្រកាសគម្រោងបើកសាខាដំបូងបំផុតក្នុងក្រុងបាត់ដំបង នាចុងខែកញ្ញានេះ ដោយយោងតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកខ្លួនទៅគ្រប់ទិសទី ក្នុងព្រះរាជាណាចក្រកម្ពុជា។
សាខាដំបូងបំផុតនៅក្នុងក្រុងបាត់ដំបងនេះ នឹងដៅទីតាំងនៅចំកណ្តាលក្រុងបាត់ដំបង ដើម្បីផ្ដល់បទពិសោធន៍ហាងកាហ្វេប្រណីតដ៏កក់ក្តៅ ជូនដល់អតិថិជនក្នុងទីតាំងថ្មីនេះ តាមរយៈភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ដែលប្រកបទៅដោយគុណភាពខ្ពស់ពី Starbucks។
«យើងពិតជាមានក្តីរំភើបយ៉ាងខ្លាំង ក្នុងការពង្រីកខ្លួនចូលដល់ក្រុងបាត់ដំបង ដែលជាទឹកដីបង្កប់នូវដួងវិញ្ញាណសិល្បៈវប្បធម៌ ក៏ដូចជាសិប្បកម្មកែច្នៃជាច្រើនក្រាស់ក្រែល ដែលស្របទៅនឹងសិល្បៈនៃកាហ្វេឆុងដោយដៃរបស់ពួកយើងផ្ទាល់»។ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉ោ លីម នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Coffee Concepts (Cambodia) Limited។
លោកបន្តថា «កាលពី ៥ ឆ្នាំមុន យើងបានបើកសាខាដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ ជាមួយឆន្ទៈក្នុងការនាំយកកាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់បំផុតពីជុំវិញពិភពលោកមកជូនដល់អតិថិជនរបស់យើង ហើយយើងពិតជារីករាយណាស់ក្នុងការបន្តនាំយកឆន្ទៈនេះមកដល់ក្រុងបាត់ដំបង ក្រោយពីយើងបានឈានជើងចូលដល់ក្រុងផ្សេងៗដូចជា ទឹកដីក្រុងសៀមរាប កណ្ដាល និង ព្រះសីហនុជាដើម»។
«សាខាថ្មីនេះ គឺជាជំហានដ៏សំខាន់មួយរបស់យើង ក្នុងការពង្រីកវិស័យកាហ្វេនៅទូទាំងប្រទេសកម្ពុជា ស្របពេលជាមួយនឹងការចូលរួមចំណែកមួយផ្នែក ក្នុងការផ្ដល់ឱកាសការងារជាក់លាក់ និងកន្លែងធ្វើការដ៏កក់ក្តៅសម្រាប់ធនធានមនុស្សប្រកបដោយសក្តានុភាពផងដែរ»។ នេះជាការឲ្យដឹងពីលោក ប៉ោ លីម ដោយបានបន្ថែមថា «សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើការជាមួយយើង អាចទាក់ទងមកក្រុមការងារផ្នែកធនធានមនុស្សតាមរយៈសារអេឡិចត្រូនិក [email protected] ឬលេខទូរស័ព្ទ 023 926 771 ដើម្បីដាក់ពាក្យស្នើការងារ និងសាកសួរពីដំណឹងផ្សេងៗ ពីការជ្រើសរើសបុគ្គលិក»។
សាខា Starbucks នៅក្រុងបាត់ដំបងនេះ នឹងរៀបចំដំណើរការដោយក្រុមហ៊ុន Coffee Concepts (Cambodia) Limited ដែលជាចំណែកនៃក្រុមហ៊ុន Hong Kong Maxim’s Group។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងគ្រប់គ្រងដំណើរការរបស់សាខា Starbucks ទាំងអស់ទូទាំងកម្ពុជា ជាមួយនឹងការយល់ដឹងស៉ីជម្រៅពីនិមិត្តសញ្ញានៃយីហោ បេសកកម្ម និងគុណតម្លៃនៃបទពិសោធន៍ដែល Starbucks ចង់ផ្ដល់ជូនដល់អតិថិជននៅក្រុងបាត់ដំបងឥតឧបមា។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុន Starbucks Coffee បានប្តេជ្ញាចិត្ត និងធ្វើការប្រកបដោយសីលធម៌ ដើម្បីស្វែងរកប្រភព និងលីងគ្រាប់កាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់បំផុត។ បច្ចុប្បន្ននេះ សាខា Starbucks ជាង ៣២,០០០ កន្លែងទូទាំងសកលលោក ក្រុមហ៊ុននេះបានក្លាយជាបណ្តុំផលិត និងលីងគ្រាប់កាហ្វេ នាំមុខគេ ក្នុងការចែកចាយ និងប្រើប្រាស់កាហ្វេគុណភាពខ្ពស់មកពីគ្រប់ទិសទី។
តាមរយៈការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះភាពល្អឥតខ្ចោះ និងគោលការណ៍របស់ថ្នាក់ដឹកនាំ Starbucks នឹងបន្តនាំមកនូវបទពិសោធន៍កាហ្វេ (Starbucks Experience) ដ៏ពិសេសរបស់ខ្លួន ជូនដល់អតិថិជនគ្រប់គ្នាតាមកែវកាហ្វេនីមួយៗ។ ដើម្បីចូលរួមទទួលយកបទពិសោធន៍នេះ សូមអញ្ជើញមកកាន់ហាងរបស់យើងផ្ទាល់ ឬស្វែងរកព័ត៌មានបន្ថែមនៅលើវេបសាយ Starbucks.com និង បណ្តាញសង្គមហ្វេសប៊ូក Starbucks Cambodia ៕