(អាមេរិក)៖ កម្មវិធីកម្សាន្តបែបយុវវ័យដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាពខ្លាំង TikTok នៅពេលនេះបាន អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផុសវីដេអូបានរហូតដល់រយៈពេល ៣នាទី ពោលគឺវែងជាមុនរហូតដល់៣ដង នៅក្នុងពេលឆាប់ៗនេះ ខណៈដែល YouTube និង Instagram បានងាកមកផ្ដោតលើការផុសវីដអូខ្លីៗវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការអនុញ្ញាតឱ្យអ្នក ប្រើប្រាស់អាចផុសវីដេអូបានរហូតដល់៣នាទីនេះ ត្រូវបាន TikTok ធ្វើតេស្ដ និងសាកល្បងទៅលើអ្នកប្រើប្រាស់មួយចំនួន និងនៅតាមបណ្ដាប្រទេសជាច្រើនរួចមកហើយ និងទើបតែពេលនេះប្រកាសដាក់ចេញជាផ្លូវ។

ក្រុមហ៊ុន TikTok បានបង្ហាញនូវក្ដីរំពឹងថា អ្នកប្រើប្រាស់ប្រមាណ ១ពាន់លាននាក់នៅជុំវិញពិភពលោក ដោយក្នុងនោះ មាន ១០០លាននាក់នៅសហរដ្ឋអាមេរិក នឹងទទួលបានបទពិសោធន៍ថ្មីជាមួយនឹងការផុសវីដេអូរយៈពេល៣នាទី ជាពិសេស គឺអ្នកប្រើប្រាស់ដែលជាយុវវ័យនិយមលេងស្មាតហ្វូន។

ប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន TikTok លោក Drew Kirchhoff បានថ្លែងឱ្យដឹងថា ជាមួយរយៈពេល៣នាទីនេះ អ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ថ្មី តាមរយៈការបង្កើតវីដេអូដែលពួកគេចូលចិត្ត និង មាតិកាដែលពួកគេចង់បង្ហាញ ហើយសម្រាប់អ្នកដែលមិនចូលចិត្តបង្កើតវីដេអូវែង គឺអាចបន្តបង្កើតជាវីដេអូខ្លីៗ បានដដែល។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះយើងឃើញថាមានគណនីមួយចំនួនអាចផុសវីដេអូបានរយៈពេល៣នាទី ហើយខាង TikTok ក៏បញ្ជាក់ពីចំណុចនេះដូចគ្នា ប៉ុន្តែគេមិនបានដឹងថា ហេតុអ្វីបានជាគណនីទាំងនោះអាចផុសបាន៣នាទីនោះទេ ខណៈដែល Tiktok នឹងដាក់ឱ្យប្រើមុខងារនេះជាផ្លូវការនៅប៉ុន្មានសប្ដាហ៍ឆាប់ៗខាងមុខនេះ៕