(កូរ៉េ)៖ នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា តារាចម្រៀងល្បីឈ្មោះរបស់អង់គ្លេស ម្ចាស់បទ «Shape of You» គឺលោក Ed Sheeran បានចូលរួមសហការជាមួយក្រុមចម្រៀង k-POP បុរសល្បីឈ្មោះ BTS តាមរយៈការសរសេរចម្រៀងសម្រាប់ក្រុមនេះ។ តែយ៉ាងណា ហាក់មិនធ្វើឲ្យទស្សនិកជនរងចាំយូរឡើយ នៅពេលនេះស្នាដៃសរសេរចម្រៀងរបស់ Ed Sheeran មួយនេះ ត្រូវបានបញ្ជាក់ពីចំណងជើងជាដែលជានេះជំហានដំបូងសម្រាប់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ចម្រៀងដែលជាស្នាដៃសរសេររបស់លោក Ed Sheeran គឺមានចំណងជើងថា «Permission To Dance» ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុង CD ហើយគ្រោងបញ្ចេញក្នុងពេលឆាប់ៗនេះ។ ការ ទម្លាយពីចំណងជើងបទចម្រៀងនៅពេលនេះ គឺបន្ទាប់ពីប៉ុន្មានថ្ងៃមុន តារាចម្រៀង Ed Sheeran ស្រាប់តែធ្លោយមាត់ និយាយពីចំណងជើងចម្រៀងដែលលោកសរសេរ សម្រាប់ក្រុម BTS អំឡុងពេលឆ្លើយតបនឹងសំនួររបស់អ្នកគាំទ្រ ក្នុងបណ្តាញសង្គម Instagram។
ក្នុងឃ្លីបវីដេអូនោះ តារាចម្រៀង Ed Sheeran បាននិយាយថា «ខ្ញុំចង់និយាយថា បទចម្រៀង BTS ដែលខ្ញុំចូលចិត្តជាងគេ គឺជាបទចម្រៀងថ្មីរបស់ពួកគេ, Permission To Dance»។
គួរជម្រាបថា នេះជាលើកទី២ហើយ ដែលតារាចម្រៀងអង់គ្លេស Ed Sheeran វ័យ៣០ បានសហការជាមួយក្រុមចម្រៀង K-POP ខណៈលើកទី១ គឺនៅអំឡុងឆ្នាំ២០១៩ ដែលលោកបានសរសេរសម្រាប់បទ «Mao Of The Soul: Persona» សម្រាប់ក្រុម BTS ៕