(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានប្រារព្ធពិធីអបអរសាទរខួប៣០ឆ្នាំ នៃការចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងការប្រកាសបើកជាផ្លូវការនូវ «កម្មវិធីពិសេសអបអរខួប៣០ឆ្នាំ» ដែលផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន សរុបជាទឹកប្រាក់ជាង ១.០០០លានរៀល បូកបន្ថែមឡានទំនើប Ford Ranger Wildtrak 2022។
ថ្លែងក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ ដែលប្រព្រឹត្តឡើងតាមរយៈប្រព័ន្ធអនឡាញ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកគ្រប់គ្រងរបស់ អម្រឹត ប្រមាណជាង ២០០០នាក់ មកពីទូទាំងប្រទេស លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានថ្លែងថា «ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ អម្រឹត បានចូលរួម យ៉ាងសកម្ម ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ យើងបានវិវឌ្ឍន៍ខ្លួន ពីគម្រោងឥណទានខ្នាតតូច ដែលបានផ្ដួចផ្ដើម ដោយអង្គការបារាំងមួយ កាលពីឆ្នាំ១៩៩១ ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនសរុបជាងកន្លះលាននាក់»។
លោកបានបន្តថា «ការដាក់ចេញកម្មវិធីប្រូម៉ូសិនអបអរខួប៣០ឆ្នាំនេះឡើង គឺមានគោលដៅចម្បង ក្នុងការអបអរសាទរដល់សមិទ្ធផលសំខាន់ៗដែល អម្រឹត សម្រេចបានក្នុងរយៈពេល៣០ឆ្នាំមកនេះ ក៏ដូចជារួមចំណែកជំរុញការលូតលាស់វិស័យហិរញ្ញវត្ថុ ដែលបានបង្អាក់ដោយការរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនិងអតិថិជនរបស់ អម្រឹត ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាព និងដឹកនាំ អម្រឹត ឆ្ពោះមកកាន់ភាពជោគជ័យនាពេលបច្ចុប្បន្ន។ ក្រៅពីការចាប់ឆ្នោតផ្សងសំណាង សម្រាប់អតិថិជន យើងក៏ផ្ដល់ជូនរង្វាន់លើកទឹកចិត្តផងដែរ សម្រាប់រាល់បុគ្គលិក របស់យើង ដែលរួមចំណែកក្នុងការគាំទ្រកម្មវិធីប្រូម៉ូសិននេះ»។
កម្មវិធីពិសេសអបអរខួប៣០ឆ្នាំ គឺជាកម្មវិធីប្រូម៉ូសិនធំបំផុត និងមិនធ្លាប់មានពីមុនមករបស់ អម្រឹត ដែលចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់៣១ ខែធ្នូ ឆ្នាំ២០២១។ កម្មវិធីនេះ មានសុពលភាពចំពោះរាល់អតិថិជនរបស់ អម្រឹត ក៏ដូចជាសាធារណជនទូទៅ ដែលបើកគណនីក្មេងឆ្លាត ដំឡើងកម្មវិធី អម្រឹតម៉ូបាល ឬ ប្រើប្រាស់ឥណទានបុគ្គលរបស់ អម្រឹត ក្នុងអំឡុងកាលបរិច្ឆេទនៃកម្មវិធីប្រូម៉ូសិន។
ចំពោះរង្វាន់វិញ រួមមាន៖ សាច់ប្រាក់ ៤លានរៀលចំនួន ៣០រង្វាន់ (សរុប ១៨០រង្វាន់) ដែលនឹងត្រូវធ្វើការចាប់ឆ្នោត រៀងរាល់ខែ និងរង្វាន់ធំ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២២ ចំនួន១គ្រឿង ដែលនឹងត្រូវស្វែងរកអ្នកឈ្នះក្នុងកម្មវិធីពិសេស ដែលនឹងគ្រោងនឹងរៀបចំឡើងកំឡុងខែមករា ឆ្នាំ២០២២៕