(ក្រចេះ)៖ កូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មី ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាទុក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូងដែលមានចំនួន ៩ក្បាលផ្សេងទៀត នៅក្នុងទីជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។
កូនផ្សោតថ្មីនេះ ជាកូនសត្វផ្សោតទី៥ សម្រាប់ឆ្នាំ២០២១ ហើយវាមានអាយុ ប្រមាណទើបតែ ១សប្តាហ៍ប៉ុណ្ណោះ។
សូមជម្រាបជូនផងដែរថា សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០២០ ខណៈសត្វផ្សោតថ្មីសរុបចំនួន១៣ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០១៩។
ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។
ស្ថានភាពនេះ ចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឱ្យជៀសផុតពីការឈានទៅផុតពូជ៕