(អាមេរិក)៖ នៅទីបំផុត រថយន្តដែលជាកាដូថ្ងៃភ្ជាប់ពាក្យរបស់ព្រះអង្គម្ចាស់ Clarles ជូនទៅម្ចាស់ក្សត្រី Diana កាលពីអំឡុងឆ្នាំ ១៩៨១ នោះ ត្រូវបានលក់ក្នុងការដេញថ្លៃមួយ ជាមួយនឹងតម្លៃ ៧២,០០០ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នាពេលថ្មីៗនេះ។
រថយន្តប្រភេទ «Ford Escort Ghia» ឆ្នាំ១៩៨១ នេះ ដំបូងឡើយត្រូវបានរំពឹងថា លក់ក្នុងតម្លៃប្រហែល ៣០,០០០ដុល្លារប៉ុណ្ណោះ ខណៈនៅទីបញ្ចប់នឹងការដេញថ្លៃ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ គឺទទួលបានតម្លៃរហូតដល់ ៧២,០០០ដុល្លារ។ រថយន្តមួយនេះ គឺព្រះអង្គម្ចាស់ Clarles ជូនទៅម្ចាស់ក្សត្រី Diana នៅក្នុងខែឧសភា ឆ្នាំ១៩៨១ ពោលគឺ២ខែ បន្ទាប់ពីអ្នកទាំងពីររៀបការ និងត្រូវបានម្ចាស់ក្សត្រី Diana ជិះវារហូតដល់ខែសីហា ឆ្នាំ១៩៨២។ នេះបើតាមការបញ្ជាក់ពីអ្នកដេញថ្លៃ។
គួរជម្រាបថា បើតាមអ្នកដេញថ្លៃ គឺមិនបានបញ្ជាក់ពីឈ្មោះអ្នកដែលដាក់លក់រថយន្តមួយនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា គឺជាស្ត្រីដែលមានការស្និទ្ធស្នាលជាមួយម្ចាស់ក្សត្រី Diana និងជាមនុស្សដែលបានរក្សាការសំងាត់ពីរថយន្តមួយនេះ៕