(អាមេរិក)៖ អាជ្ញធរអេស្ប៉ាញបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកចំនួនពីរគឺ Apple និង Amazon ពាក់ព័ន្ធករណីរំលោភលើសេចក្ដីទុកចិត្ត និងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការលក់នូវផលិតផលអេឡិចត្រូនិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរ អេស្ប៉ាញ បានដាក់ការសង្ស័យលើក្រុមហ៊ុន Amazon និង Apple បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសំណាក់ក្រុមអ្នកឃ្លាំងមើល ថា ក្រុមហ៊ុនទាំងពីរនេះបានល្មើសទៅលើច្បាប់នៃការប្រកួតប្រជែងក្នុងការលក់ផលិតផលអេឡិចត្រូនិក។

អាជ្ញាធរបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Apple បានប្រើប្រាស់នូវវិធីសាស្ត្រមួយចំនួនដែលផ្ទុយពីគោលការណ៍ និង ច្បាប់ប្រកួតប្រជែង ក្នុងការផ្ដោបផ្ដាប់ទីផ្សារផលិតផលលក់រាយ ខណៈដែលក្រុមហ៊ុន Amazon បានផ្ដល់សេវាកម្ម ផ្នែក ទីផ្សារក្នុងលក្ខខណ្ឌមួយដែលខុសពីច្បាប់ប្រកួតប្រជែង។

ក្រុមហ៊ុន Amazon បានប្រកាសខ្លួននឹងចូលរួមសហការជាមួយនឹងអាជ្ញធរអេស្ប៉ាញក្នុងការស៊ើបអង្កេត ដោយឡែក Apple ពុំឆ្លើយបតទៅនឹងករណីនេះឡើយ ខណៈដែលការស៊ើបអង្កេតនឹងត្រូវធ្វើឡើងក្នុងរយៈពេល ១៨ខែ៕