(ភ្នំពេញ)៖ សមាជិកក្រុមវិសាខា និងណាហ្គាវើលដ៏ ២រូបគឺកីឡាករ ស៊ិន កក្កដា និងកីឡាករ ណុប តុលា កំពុងមានទុក្ខធំ ក្រោយបាត់បង់មនុស្សជាទីស្រលាញ់ដូចគ្នា ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយសារជំងឺកូវីដ-១៩ ស្របពេលក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះ។
ខ្សែបម្រើក្រុមសេះជំទង់វិសាខា ស៊ិន កក្កដា បានឲ្យដឹងថា ខ្លួនបានបាត់បង់លោកយាយជាទីស្រលាញ់កាលពីរសៀលថ្ងៃទី០១ ខែកក្កដា។ កក្កដា ថា យាយរបស់ខ្លួនមានជំងឺប្រចាំកាយ (លើសឈាម) បន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលគាត់បានទទួលមរណភាព ហើយមន្ទីរពេទ្យក៏បានអនុញ្ញាតឲ្យត្រឡប់មកធ្វើបុណ្យនៅផ្ទះដែរ។ ប៉ុន្ដែពេលដល់ផ្ទះខាងសង្កាត់បានចុះយកសំណាកធ្វើតេស្ដ ក៏ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
ក្រោយបាត់បង់លោកយាយបង្កើតរបស់ខ្លួន កីឡាករឧស្សាហ៍ជាប់ជម្រើសជាតិរូបនេះ បានបង្ហោះសារក្រើនរំលឹកមួយឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដថា «សូមកុំមើលស្រាលជំងឺកូវីដនេះឲ្យសោះ ធ្លាប់តែឃើញកើតឡើងលើគ្រួសារគេ ប៉ុន្តែពេលនេះកើតឡើងលើក្រុមគ្រួសារខ្លួនឯង។ សូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងមើលមនុស្សជុំវិញខ្លួន ជំងឺកូវីដ មិនទាន់ទៅណាឆ្ងាយពីពួកយើងនៅឡើយទេ។ កុំសប្បាយភ្លេចខ្លួនមួយពេលធ្វើឲ្យមានវិប្បដិសារីចំពោះខ្លួនឯង»។
ដោយឡែកសមាជិកក្រុមណាហ្គាវើលដ៏ កីឡាករ ណុប តុលា វិញ បានបាត់បង់បងប្រុសជាទីស្រលាញ់ ដោយសារជំងឺកូវីដ-១៩ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ អតីតកីឡាករជម្រើសជាតិរូបនេះបានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនកាលពីម្សិលមិញថា «វាពិតជាលឿនពេកហើយ ធ្វើទុកបងប្រុសខ្ញុំត្រឹមតែ ១ម៉ោង ជំងឺកូវីដនេះពិតជាសាហាវណាស់ សូមឲ្យវិញ្ញាណក្ខន្ធបងប្រុសទៅឲ្យបានសុខ។ លាហើយលាជារៀងរហូត...»។
តុលា បានបន្ថែមទៀតថា ក្រៅពីបងប្រុសរបស់ខ្លួន ក៏មានសមាជិកគ្រួសារជាច្រើនទៀតដែលមានលំនៅដ្ឋាន នៅអូរឬស្សីបានឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ ដូចជាលោកយាយ ប៉ា និងបងស្រីជាដើម ដែលបច្ចុប្បន្នកំពុងទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។ តុលា បានសម្ដែងក្ដីបារម្ភជាខ្លាំងចំពោះសមាជិកគ្រួសាររបស់ខ្លួន ដែលកំពុងជួបទុក្ខលំបាកហើយ ឥឡូវមកជួបរឿងបែបនេះទៀត។
យ៉ាងណាមិញ ទាំងកីឡាករ ស៊ិន កក្កដា និង ណុប តុលា បានបញ្ជាក់ថា អំឡុងពេលលោកយាយ ក៏ដូចជាសមាជិកគ្រួសាររបស់ខ្លួនមានបញ្ហាខាងលើ ខ្លួនមិនបានជាប់ពាក់ព័ន្ធនោះទេ ដោយ កក្កដា ជាប់ប្រមូលផ្ដុំហ្វឹកហាត់នៅក្លិបបាល់ទាត់វិសាខា រីឯ តុលា ស្នាក់នៅផ្ទះខាងភរិយា (ក្បែរសាលាសាមគ្គី)៕