(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានព្រមានថា ព្រឹត្តិការណ៍កីឡា Tokyo Olympics អាចនឹងត្រូវធ្វើឡើង នៅពីក្រោយការបិទទ្វារ, ចំពេលដែលករណីឆ្លង COVID-19 មានការកើនឡើង នៅក្នុងទីក្រុង ៣សប្តាហ៍មុនពេលព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្តើម, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។

អ្នករៀបចំកម្មវិធី បានសម្រេចកាលពីខែមុនថា នឹងអនុញ្ញាតឲ្យអ្នកគាំទ្រ១០.០០០នាក់ ឬស្មើនឹង៥០ភាគរយ នៃសមត្ថភាពផ្ទុករបស់ទីលានប្រកួត សម្រាប់ព្រឹត្តិការណ៍កីឡា ដែលត្រូវបានពន្យារពេលមួយឆ្នាំ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19 នេះ។

ប៉ុន្តែលោក Yoshihide Suga បានលើកឡើង នៅថ្ងៃព្រហស្បតិ៍ថា អ្នកគាំទ្រ អាចនឹងត្រូវបានហាមឃាត់ ប្រសិនបើស្ថានភាពកាន់តែអាក្រក់, ជាមួយនឹងរដ្ឋាភិបាល រំពឹងថានឹងពង្រីកវិធានការទប់ស្កាត់មេរោគ ដោយគ្រប់ដណ្តប់លើទីក្រុង Tokyo ខណៈករណីឆ្លងថ្មី បានបន្តហក់ឡើង។

«វាអាចនឹងមិនមានអ្នកទស្សនានោះទេ» នៅឯព្រឹត្តិការណ៍, នេះបើតាមការស្រង់សម្តីលោក Suga។ «យើងនឹងចាត់វិធានការ ជាមួយនឹងសុវត្ថិភាព និងសន្តិសុខ នៃប្រជាជនជប៉ុន តាមអាទិ៍ភាពខ្ពស់បំផុតរបស់យើង»

គិតមកទល់ពេលនេះ មានមនុស្សសរុប១៤.៨០០នាក់ហើយ នៅក្នុងប្រទេសជប៉ុន ដែលបានស្លាប់ ដោយសារជំងឺឆ្លងនេះ។ ជាមួយគ្នានោះ មានប្រមាណ១១ភាគរយ នៃអត្រាប្រជាជនជប៉ុន ដែលបានទទួលវ៉ាក់សាំងពេញលេញ៕