(ម៉ូនិច)៖ ក្រុមបិសាចក្រហមប៊ែលហ្សិក នឹងពុំមានវត្តមានខ្សែបម្រើ Kevid de Bruyne និងខ្សែប្រយុទ្ធ Eden Hazard ដោយសារបញ្ហារបួសជាមិនទាន់ពេលក្នុងជំនួបទល់ក្រុមខ្លាំងអាសូរីអ៉ីតាលីរាត្រីនេះពីក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Championship 2020។

ជាមួយគ្នានោះដែរ លោក Lawro អ្នកសរសេរព័ត៌មានកីឡាដ៏ល្បីមួយរូបរបស់ BBC ក៏បានធ្វើការទាយក្នុងជំនួបខ្លាំងប៉ះខ្លាំងនេះថា អ៉ីតាលីនឹងឈ្នះក្រុមប៊ែលហ្សិកក្នុងលទ្ធផល ២ទល់នឹង១ ផងដែរ។

ទាំង De Bruyne ដែលត្រូវបានកោះហៅពីក្លិបអាជីព Manchester City និងមិត្តរួមជាតិ Eden Hazard មកពីក្លិប Real Madrid នោះ ពុំបានលេងពេញម៉ោងផង នៅពេលប៊ែលហ្សិកបានទម្លាក់ព័រទុយហ្គាល់ចេញពី Euro 2020 ក្នុងវគ្គ១៦ក្រុមកាលពីរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយសារពួកគេមានបញ្ហារបួស ដែលធ្វើឲ្យពួកគេខកខានជំនួបធំទល់នឹងអ៉ីតាលី ដើម្បីប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របែបនេះ។

តែយ៉ាងណា ប៊ែលហ្សិកក៏មានកីឡាករខ្សែការពារ Timothy Castagne វិលមកចូលរួមក្រុមផងដែរក្រោយពីជារបួស នៅពេលគូប្រជែងអាសូរីអ៉ីតាលី មានខ្សែបម្រើ និងខ្សែការពារ Alessandro Florenzi វិលមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញដែរ បន្ទាប់ពីជាសះស្បើយពីបញ្ហារបួសសាច់ដុំ និងក្រលៀនរួចមក។

គួររំលឹកផងថា ប៊ែលហ្សិក ពុំដែលយកឈ្នះអ៉ីតាលីឡើយក្នុងការពានរង្វាន់ធំៗចំនួន ៥លើកមកនេះដែលបានបរាជ័យ ៤លើក និងស្មើ ១លើកប៉ុណ្ណោះ ហើយនេះក៏ជួបគ្នាលើកទី១ ផងដែរក្នុងវគ្គចាញ់-ធ្លាក់បែបនេះ។ ក្រុមឈ្នះរវាងប៊ែលហ្សិក និងអ៉ីតាលី នឹងត្រូវឡើងទៅប៉ះរវាងក្រុមឈ្នះដូចគ្នា អេស្ប៉ាញ ឬស្វីសក្នុងវគ្គ ៤ក្រុមចុងក្រោយនៃ Euro 2020 នេះ៕